ទីតាំងទួលប្រាសាទបុរាណមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប រងការខូចខាតដោយសារពលរដ្ឋទន្ទ្រានឈូសឆាយដាំដំណាំ

ខេត្តសៀមរាប៖ ទួលបុរាណមួយកន្លែង ដែលស្ថិតនៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវទទួលរងការខូចខាតបន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់បានឈូសឆាយដាំដំឡូងមី។

ទួលបុរាណដែលទទួលរងការទន្ទ្រាននេះ មានឈ្មោះទួលប្រាសាទមហាថេរ ឬអ្នកស្រុកនៅទីនោះហៅថា ទួលយាយណុក ដែលមានចម្ងាយប្រមាណជិត២០គីឡូម៉ែត្រពីទីរួមស្រុកអង្គរធំ។

លោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១នេះថា ទួលប្រាសាទបុរាណនេះ មានបណ្ដោយប្រមាណ៥០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ត្រូវបានប្រជាកសិករយកគ្រឿងចក្រឈួសឆាយធ្វើជាកម្មសិទ្ធិ និងដាំដំឡូង ដែលបណ្ដាលឲ្យយរងការខូចខាតយ៉ាងដំណំ។ លោកបានបន្ដថា ប្រាសាទនេះធ្វើពីឥដ្ឋ ហើយនៅលើទួលនោះពិនិត្យឃើញនៅសល់បល័ង្គយោនី២ផ្ទាំង ហើយនឹងរូបចម្លាក់ក្រពុំឈូកធ្វើពីថ្មភក់ពីរដុំ ។ប៉ុន្ដែលោកមិនដឹងថា ប្រាសាទនោះកសាងសតវត្សណានោះទេ ដោយសារទួលនោះបាត់បង់រចនាសម្ព័ន្ធអស់ទៅហើយ។

លោកសំ សារ៉េត បានបន្ដថា ការឈូសឆាយដីនៅលើទួលប្រាសាទបុរាណនេះ បណ្ដាលឲ្យខូចរចនាសម្ព័ន្ធនៅក្នុងដីយ៉ាងច្រើន។ លោកបញ្ជាក់ថា បើតាមផ្លូវច្បាប់អ្នកដែលធ្វើឲ្យខូចខាតដល់ទីទួលបុរាណដ្ឋាន ឬប្រាសាទបុរាណនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យចូលរួមថែរក្សាសម្បត្ដិវប្បធម៌ជាតិរបស់ខ្លួនឲ្យបានគង់វង្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ពីស្នារដៃរបស់កូនខ្មែរនាសម័យកាល។

ពាក់ព័ន្ធការទន្ទ្រានលើដីទួលប្រាសាទបុរាណនេះដែរ អភិបាលរងស្រុកអង្គរធំ លោក អេង សំបាន បានឲ្យដឹងថា ពលរដ្ឋដែលបានឈូសឆាយទីទួលបុរាណធ្វើកសិកម្មនោះ មានឈ្មោះ កុត គល់ នៅឃុំពាក់ស្នែង ហើយអាជ្ញាធរនឹងឲ្យបុគ្គលរូបនោះ ធ្វើកិច្ចសន្យាបញ្ឈប់ការឈូសឆាយព្រមទាំងឲ្យដកដំណាំចេញពីលើទីទួលបុរាណនោះចេញវិញ ដើម្បីទុកនៅទ្រង់ទ្រាយដើម។ លោកបានបន្ដថា អាជ្ញាធរនឹងសហការជាមួយអាជ្ញាធរជាតិអប្សរាជាបន្ដទៀត ដើម្បីការពារថែរក្សាបេតិកភន្ឌរបស់ជាតិ ដូចជាទីទួលប្រាសាទបុរាណ ជាពិសេសបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីតំបន់ឧទ្យានអង្គរ ក៏ដូចជាបេតិកភណ្ឌជាតិផងដែរ។ 

បើតាមលោក សំ សារ៉េត ចំពោះការកំណត់ទីតាំងប្រាសាទបុរាណ ក្រៅឧទ្យានអង្គរ នៅបច្ចុប្បន្ននេះ មានក្រុមការងារផ្នែកកំណត់បុរាណដ្ឋានបាននឹងកំពុងចុះស្រាវជ្រាវ និងស្វែងរកប្រាសាទបុរាណគ្រប់ទីកន្លែង នៅក្នុងខេត្ដសៀមរាប ដើម្បីកំណត់អត្ដសញ្ញាណទីទួលប្រាសាទបុរាណទាំងនោះដាក់នៅក្នុងបញ្ជីសារពើភណ្ឌឲ្យបានត្រឹមត្រូវ៕