រយះពេល៤ថ្ងៃឈ្មួញចូលទៅកាប់ឈើប្រភេទធ្នង់ក្នុងព្រៃរុក្ខវ័នអស់៩ដើម

ឧត្តរមានជ័យ៖ឈើប្រណិតប្រភេទធ្នង់ក្នុងដែនការពារជម្រកសត្វសង្ឃរុក្ខវ័ន រងការកាប់បំផ្លាញយ៉ាងរង្គាល ដោយត្រឹមតែរយះពេល៤ថ្ងៃ ត្រូវគេចូលទៅកាប់អស់៩ដើម។

ការចូលទៅកាប់ឈើក្នុងព្រៃសហគមន៍ខាងលើនេះ បានកើតឡើងក្នុងចន្លោះថ្ងៃទី៩ដល់ថ្ងៃទី១២ខែ មិថុនាឆ្នាំ២០២១។ព្រះតេជគុណព្រះនាមថូ ធូរស់ ប្រធាបប្រតិបត្តិនិងជាប្រធានសង្ឃសហគមន៍រុក្ខវ័នស្តីទី បានមានសង្ឃ ដីកាថា ជាការពិតណាស់ដែលក្រុមជនមិនស្គាល់មុខបានចូលទៅកាប់ឈើប្រភេទធ្នង់ក្នុងព្រៃសហគមន៍អស់៩ដើមត្រឹមតែរយះពេល៤ថ្ងៃ។ ឈើដែលរងការកាប់បំផ្លាញនេះស្ថិតនៅចំណុច ភូមិបាក់ដឹង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចម្ងាយប្រហែល២០០ម៉ែត្រពីស្នាក់ការឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ។ ឈើប្រណិតប្រភេទធ្នង់ទាំង៩ដើមដែលរងការកាប់បំផ្លាញនេះ មានមុខកាត់ពី២តឹកដល់ជាង៣តឹក។ 

     ព្រះតេជគុណអោយដឹងទៀតថា ក្រុមជនមិនស្គាល់មុខ បានប្រើរូបភាព៣ផ្សេងគ្នាក្នុងការដឹងជញ្ជូនឈើចេញក្រោយពេលកាប់។ ១ ដឹកដោយរទេះច្នៃកង់ពីរឬ(រុក្ខិន)ទី២ ចងស្ពាយម្នាក់ៗ និងទី៣ សែង។ សកម្មភាពនេះកម្លាំងធ្លាប់ល្បាតប្រទះឃើញ ហើយរឹបអូសបានជាវត្ថុតាងទៀតផង ខណ:ជនសង្ស័យបានរត់គេចខ្លួននាពេលកន្លងមក។ តែថ្មីនេះ ក្រុមជនមិនស្គាល់មុខបន្តចូលទៅកាប់ ហើយដឹកចេញដោយសុវត្ថិភាព ហាក់មិនខ្លាចអំពីកម្លាំងរបស់មន្ត្រីឧទ្យាននុរក្សអីបន្តិចសោះ។ 

    ព្រះតេជគុណ បន្ថែមថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានទំហ៊ំ៣០២៥៤ហិកតា ជាប់ព្រំប្រទល់ ៣ ក្រុងស្រុកគឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។ គិតចាប់ពីខែ១២ឆ្នាំ ២០២០មកទល់ពេលនេះ មានឈើប្រភេទធ្នង់ជាង ១០០ដើមហើយ ដែលត្រូវក្រុមមិនស្គាល់មុខកាប់បំផ្លាញ ធ្វើអាជីវកម្ម ។ ចឹងទេ ករណីចូលកាប់ឈើ ខាងលើ ព្រះតេជគុណ អំពាវនាវសំុអោយជំនាញពាក់ពន្ធ័ ពិសេសកម្លាំងឧទ្យាននុរក្ស ដែលបានដាក់ពង្រាយរហូត៥ស្នាក់ការមេត្តា ជួយល្បាតទប់ស្កាត់ និងចាប់ឃាត់ខ្លួនក្រុមជនឧក្រិដ្ឋព្រៃឈើមកផ្តន្ទាទោស ជៀសជាងក្រុមជនខាងលើចូលកាប់បំផ្លាញឈើក្បែរស្នាក់ការខ្លួនហើយ បែជាមិនដឹង។

     ជុំវិញការបាត់បង់ឈើប្រណិត៩ដើមត្រឹមរយះពេល៤ថ្ងៃនេះ លោកភូង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្រមានជ័យបានអោយដឹងតាមទូរសព្វ័ថា ជាការពិតណាស់ចំពោះការបាត់បង់ដើមឈើនេះ។ ប៉ុន្មានថ្ងៃមុនកាប់អស់៨ដើម និងនៅថ្ងៃទី២១ខែមិថុនានេះកាប់១ដើមទៀតសរុបអស់៩ដើម។ តែខាងលោកក៍បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយដែរ។ ពេល នេះកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួន ត្បិតយើងស្គាល់អត្តសញ្ញាណខ្លះហើយ។ លោកបន្តថា ក្រុមជនមិនស្គាល់មុខធ្វើសកម្មភាពពេលយប់ ចឹងទេយើងពិបាកក្នុងការល្បាតខ្លះៗដែរ។ តែចំពោះថា កាប់ក្បែរស្នាក់ការមិនពិតទេ គឺមានចម្ងាយ២០០ទៅ៣០០ម៉ែត្រ។តែខាងលោកនិងព្យាយាមស្រាវជ្រាវវែកមុខជនល្មើសដើម្បីចាប់ខ្លួន។

     ទោះជាបែបនេះ ព្រះតេជគុណ ថូ ធូរស់ នៅតែបញ្ជាក់ថា ចំពោះការសហការក្នុងការការពារព្រៃឈើសង្ឃរុក្ខវ័ននេះ ហាក់មិនសូវស៊ីសង្វាក់គ្នារវាងសហគមន៍និងឧទ្យាននុរក្សនោះឡើយ។ ហេតុនេះទើបជនឧក្រិដ្ឋព្រៃឈើ នៅតែមានឪកាសក្នុងការចូលកាប់បំផ្លាញ៕