សាងសង់ប៊ូទិកសង្ស័យខុសច្បាប់ ក្នុងដែនដីគ្រប់គ្រងដោយអាជ្ញាធរអប្សរា

ថ្មីៗនេះ ជុំវិញករណី ការសាងសង់ប៊ូទិកសង្ស័យខុសច្បាប់មួយកន្លែង ដែលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបនោះ ដែលជាដែនដីគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋណាម្នាក់សាងសង់ប៊ូទិក ផ្ទះវិឡា ទ្រុងមាន់ ទ្រុងទាបានឡើយ ប្រសិនបើគ្មានច្បាប់នោះ។ បើទោះបីជាបែបនេះក្តី មន្ត្រីរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ប៊ូទិកខាងលើនេះ ជារបស់លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងប្រពន្ធ យ៉ាងពិតប្រាកដមែន។ ប៉ុន្តែពេលអាជ្ញាធរជាតិអប្សរាចុះទៅទប់ស្កាត់ហាមឃាត់ការសាងសង់ ប្រធានមន្ទីរផែនការរូបនេះ តែងអោយប្រពន្ធឈ្មោះ ស ពិដោ ជាអ្នកចេញមុខតតាំងទៅវិញ។ 

មន្ត្រីអាជ្ញាធរជាតិអប្សរា សុំមិនបង្ហាញឈ្មោះ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ចំពោះសំណង់ប៊ូទិករបស់លោក ហាក់ សុ ធារ៉ា នេះ ខាងអាជ្ញាធរជាតិអប្សរា បានចុះទៅហាមឃាត់ច្រើនដងមកហើយ តែគេនៅតែលួចសាងសង់បំពានដដែល។ ដូច្នេះយើងត្រូវតែធ្វើតាមនិតីវិធីរបស់អាជ្ញាធរជាតិអប្សរា គឺយើងបានដាក់ពាក្យបណ្តឹងទៅតុលាការរួចរាល់ហើយ។ 

អាជ្ញាធរ បានត្រៀមរួចជាស្រេចដើម្បីរងចាំអនុវត្តដីការសម្រេចពីតុលាការតែប៉ុណ្ណោះ ក្នុងការការរុះរើនោះ ប្រជាពលរដ្ឋកំពុងតែទន្ទឹងរងចាំមើលថា តើអាជា្ញធរអប្សរាបអនុវត្តបែបណាវិញ?។ ជាមួយគ្នានោះ ម្ចាស់ប៊ូទិកខាងលើ យើងបានធ្វើការទំនាក់ទំនងតេទៅចូលដែរតែគ្មានអ្នកលើកឡើយ មិនអាចធ្វើការបកស្រាយជុំវិញករណីសាងសង់ប៊ូទិកខុសច្បាប់ទេ៕