ពិតជាខ្លាំងមែនហ៊ានយករថយន្តស្លាកលេខខេមរភូមិន្ទ ធ្វើការដឹកជញ្ជូនឈើកែច្នៃអត់ច្បាប់យ៉ាងសេរី មន្រ្តីជំនាញពាក់ព័ន្ធគ្មានចំណាត់ការបង្ក្រាប

ខេត្តឧត្តរមានជ័យ៖ រថយន្តម៉ាក (Ford Ranger) មួយបាំងកន្លះ ពណ៌ត្រេអុី មួយគ្រឿង ពាក់ស្លាកលេខ (ខេមរភូមិន្ទ02. 2-7310) បានធ្វើសកម្មភាពដឹកជញ្ជូនឈើកែច្នៃទ្វារអត់ច្បាប់ចេញពីខេត្តព្រះវិហារ យ៉ាងសកម្មជារៀងរាល់ថ្ងៃដោយរលូនគ្មានការរំខានពីសមត្ថកិច្ចនិងមន្ត្រីជំនាញណាសោះ។

ជាក់ស្តែងរថយន្តមួយគ្រឿងខាងលើនេះតែងតែប្រព្រឹត្តសកម្មភាពដឹកជញ្ជូន ឈើទ្វារជារៀងរាល់ថ្ងៃចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយពុំដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាធ្វើការចាប់បង្ក្រាបឡើយ។

ប្រជាពលរដ្ឋមានការហួសចិត្តនិងរិះគន់យ៉ាងខ្លាំង មិនគួរណាហ៊ានយករថយន្តអង្គភាពសម្រាប់បម្រើរដ្ឋ យកទៅរកស៊ីដឹកឈើបំផ្លាញធនធានធម្មជាតិដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនអញ្ចឹងសោះ ហើយប្រជាពលរដ្ឋក៏មិនហ៊ានបន្ទោសមន្ត្រីជំនាញនៅតាមមូលដ្ឋានថា អសមត្ថភាពមិនបង្ក្រាបរថយន្តមួយគ្រឿងនេះដែរ ព្រោះបុគ្គលរូបនោះហ៊ានយករថយន្តត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទធ្វើការដឹកជញ្ជូនបទល្មើសព្រៃឈើប៉ុណ្ណេះទៅហើយ ក៏មិនមែនធម្មតាដែរ បើមិនមានខ្នងមានខ្សែធំ ក៏មានអ្នកមានអំណាចនៅពីក្រោយខ្នងចាំជួយការពារដែរ។

ប្រជាពលរដ្ឋសូមអំពាវនាវទៅដល់់មន្ត្រីជំនាញថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ទាំងអស់ សូមមេត្តាជួយចុះអន្តរាគមន៍បង្ក្រាបរថយន្តដឹកឈើ ពណ៌ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងនេះផង បើពឹងលើមន្ត្រីជំនាញថ្នាក់ក្រោមគឺមិនហ៊ានបង្ក្រាបទេ។