បញ្ជូនខ្លួនថៅកែដេប៉ូឈើនិងគូរកនទៅតុលាការ ក្នុងបទចោទ ក្លែងឯកសារទិញលក់

សៀមរាប៖ សមត្ថកិច្ចសម្រេចបញ្ជូនខ្លួន ថៅកែដេប៉ូឈើនិងគូរកន ទៅតុលាការហើយ នៅថ្ងៃទី៩ខែកក្កដានេះ បន្ទាប់ពីសាកសួរអស់រយះពេល ៣ថ្ងៃជាប់ៗគ្នា។
  លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប  មានប្រសាសន៍ តាមទូរសព្ទ័ថា ថៅកែដេប៉ូឈើឈ្មោះ ស្រេង ប្រណី និងគូរកនពីរនាក់ទៀត បានបញ្ជូនខ្លួនទៅតុលាការហើយនៅព្រឹកថ្ងៃទី៩ខែកក្កដានេះ ក្រោមបទចោទ ក្លែងឯកសារទិញលក់។ 
លោកបន្តថា តែបើតុលាការ រកឃើញថា មានបទ ល្មើសផ្សេងទៀតនោះ ជនសង្ស័យនិងអាចទទួល ទោសតាមភាពជាក់ស្តែងបន្ថែមទៀត។
  សូមបញ្ជាក់ថា កាលពីថ្ងៃ៧ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនលោកស្រេង ប្រណី ថៅកែដេប៉ូឈើ យី ហោ តាំង សុខនី និងគូរកនពីរនាក់ ក្រោយរកឃើញឈើល្មើសច្បាប់ប្រភេទសុក្រម១៧៤ដុំ ស្មើ៧.៧៤២ ម៉ែត្រគូប ក្នុងដេប៉ូឈើ ដែលស្ថិតក្នុងភូមិរលួសខាង លិច ឃុំរលួស ស្រុក ប្រាសាទបាគង ។
  ក្នុងប្រតិបត្តិការនោះ ដឹកនាំសម្របសម្រួលនិតិវិធីដោយ លោកថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប៕