បុគ្គលម្នាក់ឈ្មោះ លឹម ជា មានឋាន:ជាឯកឧត្តម ឃុបឃឹតគ្នាយកដីច្រាំងអូ ជាប់ខឿនទំនប់បង្ហៀរទឹកក្នុងភូមិរំចក ស្រុកអន្លង់វែង ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

ប្រជាពលរដ្ឋចំនួន២ភូមិសុំអោយអាជ្ញាធរខេត្តឧត្តរមានជ័យ ដកហូតដីនៅចំណុចជាប់ខឿនទំនប់បង្ហៀទឹកនិងដីច្រាំងអូ ក្នុងភូមិរំចេក ស្រុកអន្លង់វែង មកជារបស់រដ្ឋវិញបន្ទាប់ពីបុគ្គលឈ្មោះ លឹម ជា មានឋាន:ជាឯកឧត្តម ឃុបឃឹតគ្នាចាក់ដីលុបដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

ដីច្រាំងមាត់អូនិងដីជាប់ឃឿនទំនប់បង្ហៀទឹក ដែលស្ថិតជាប់ព្រុំប្រទល់ភូមិរំចេកលិច និងរំចេកកណ្តាល ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាដីរបស់រដ្ឋ ត្រូវបានបុគ្គលម្នាក់ឈ្មោះ លឹម ជា ដែលប្រភពព័ត៌មានបានបង្ហើបថា មានឋាន:ជាឯកឧត្តម ធ្វើការនៅក្រសួងមួយនៅទីក្រុងភ្នំពេញ បានឃុបឃឹតជាមួយបុគ្គលម្នាក់ទៀតឈ្មោះ អួន វិបុល ដែលជាប្រជាពលរដ្ឋនៅភូមិរំចេក ដោយបានធ្វើសកម្មភាពយកដីមកចាក់លុបពីលើច្រាំងអូ និងដីជាប់ខឿនទំនប់បង្ហៀ ដើម្បីយកជាកម្មសិទ្ធរបស់ខ្លួន ដោយសំអាងថាមានលិខិតទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ។ បន្ទាប់ពីព័ត៌មានបានចុះផ្សាយភ្លាមៗ ក៍មានវត្តមានលោក ញ៉ើង គួន ប្រធានមន្ទីធនធានទឹក ខេត្តឧត្តរមានជ័យ និងលោក ស្តើង វាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង រួមជាមួយមន្ត្រីជំនាញបានចុះទៅទីតាំងខាងលើកាលពីព្រឹកនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យជាក់ស្តែង ។ ដោយលោក ញ៉ើង គួន បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងការធ្វើលិខិតកាន់កាប់ឯកជនលើដីច្រាំងអូរ និងដីជាប់ខឿនទំនប់បង្ហៀពីមន្ត្រីណានោះ លោកគ្មានតួនាទីដឹងឮទេ តែចំពោះដីនៅចំណុចទាំង២នេះ គឺជាសម្បត្តិរដ្ឋមិនអាចអោយបុគ្គលណាបំពានយកបានឡើយ ។

ដោយឡែកលោកមេភូមិរំចេកទាំង២ បានអោយដឹងថា ពួកគាត់មិនបានធ្វើឯកសារកម្មសិទ្ធដីលើដីនោះ អោយទៅឈ្មោះ លឹម ជា ឡើយ ។

ជំុវិញហេតុកាណ៍ខាងលើ លោក ស្តើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង បានអោយដឹងថា ដីដែលឈ្មោះ លឹម ជា ឃុបឃឹតនិងឈ្មោះ អួន វិបុល បំពានយក គឺជាដីជាប់អនុក្រិតរបស់រដ្ឋមិនអាចបុគ្គលណាមករំលោភយកបានទេ ។

គួរបញ្ជាក់ផងដែរថា បើមើលតាមរូបភាពជាក់ស្តែង គឺសកម្មភាពដឹកជញ្ជូនដីមកលុបច្រាំងអូ និងខឿនទំនប់បង្ហៀនៅភូមិសាសន៍ខាងលើ គឺមិនមែនធ្វើត្រឹមតែ១ថ្ងៃ២ថ្ងៃនោះទេ យ៉ាងហោចណាស់ក៍រយ:ពេលកន្លះខែដែរ ចុះបើអាជ្ញាធរភូមិឃុំមិនបានរួមគំនិតទេនោះ ហេតុអ្វីមិនមានវិធានការទប់ស្កាត់តាំងពីដំបូង បែជាបណ្តោយអោយធ្វើសកម្មភាពយ៉ាងរលូន រហូតទាល់តែប្រជាពលរដ្ឋប្តឹងអ្នកសារព័ត៌មានអោយចុះផ្សាយ ទើបមានវិធានការទប់ស្កាត់ ។ រាយការណ៍ពីគេហទំព័រសារព័ត៌មានព្រះច័ន្ទកម្ពុជា