រថយន្តដឹកផ្លែឈើមួយគ្រឿងក្រឡាប់ផ្ញាជើង នៅមុខស្នាក់ការគយចល័តស្រុកពួក ,បន្ទាប់ពីរថយន្តជាច្រើនគ្រឿងរបស់លោក ឈួន សោភា មេគយចល័តតំបន់៥នាំគ្នាប្រដេញតាមចាប់

សៀមរាប : នៅវេលាម៉ោង 2.40 នាទី រំលងអធ្រាត្រយប់ថ្ងៃទី 11 ឈានចូលថ្ងៃទី 12 ខែសីហាឆ្នាំ 2021 មានរថយន្តដឹកផ្លែឈើមួយគ្រឿងបានក្រឡាប់ផ្ងាជើងនៅមុខស្នាក់ការគយចល័តស្រុកពួក ខេត្តសៀមរាប បណ្តាលអោយផ្លែឈើខ្ទាតចេញខ្ចាត់ខ្ចាយ និងរថយន្តខូចខាតផ្នែកខាងស្តាំ តែមិនបណ្តាលអោយមនុស្សក្នុងរថយន្តរបួសធ្ងន់ធ្ងរនោះទេ ។

ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បងស្រី សុខ លាប ដែលជាម្ចាស់រថយន្តដឹកផ្លែឈើក្រឡាប់ខាងលើបានឲ្យដឹងថា គាត់បានដឹកផ្លែឈើចេញពីភូមិសាស្ត្រនៃទឹកដីឡែម យកមកលក់នៅក្នុងផ្សារសាមគ្គីនៃទីក្រុងសៀមរាបខេត្តសៀមរាប ដូចសព្វមួយដង លុះមកដល់ចំណុចស្នាក់ការគយចល័តរបស់លោក ឈួន សោភា
ត្រូវបានកម្លាំងគយចល័តតំបន់ 5 ឆែកមើលម្ដងរួចហើយ ហើយគាត់ក៏បានធ្វើដំណើរបន្តមក ពេលកំពុងធ្វើដំណើរបន្តរនោះ ក៍ត្រូវបានលោក ឈួន សោភា និងមន្ត្រីប៉ូលិសជាច្រើនរូបមានឡានពី 3 ទៅ 5 គ្រឿងដេញពួកគាត់រហូតដល់ចំណុចផ្លូវស្រមោច ខេត្តបន្ទាយមានជ័យ រូបគាត់ក៏បានឈប់ហើយបើកទ្វារឡានឱ្យឆែកមើលម្ដងទៀត ប៉ុន្តែមិនមានអ្វីប្លែកក្រៅពីផ្លែឈើនោះទេ
ពេលឆែកឆេមើលហើយ ពួកលោកគយមិនព្រមដោះលែងដូចមុននោះទេ គឺបានបញ្ជាឱ្យគាត់បើកឡានត្រឡប់ទៅស្នាក់ការគយលោក ឈួន សោភាវិញ នៅទឹកថ្លាដដែល ។

បងស្រី សុខ លាប បានបន្តទៀតថា ដោយមានការភ័យខ្លាចព្រោះកន្លែងគយទឹកថ្លារបស់លោក ឈួន សោភា នេះធ្លាប់បានធ្វើស៊ីគាត់ម្ដងរួចទៅហើយ ដោយចាប់ឡានរបស់គាត់ក្រោមរូបភាពដូចយប់ហ្នឹងអញ្ចឹង ឲ្យតែចូលទៅដល់កន្លែងលោកឈួន សោភា ប្រៀបបានដូចជាចូលក្នុងមាត់ខ្លាអញ្ចឹង ព្រោះកាលនោះលោកគយ ឈួន សោភា ជំរិតទារលុយគាត់ប្រាំពាន់ដុល្លារជាថ្នូរដោះលែងទាំងឡានទាំងផ្លែឈើមកវិញ ពេលនោះពួកគាត់ក៍បានប្រឹងបើករថយន្តរត់គេចចេញពីក្រុមគយចល័តរបស់លោក ឈួន សោភា ហើយក៍ក្រឡាប់តែម្តង ៕