រថយន្តដឹកឈើខុសច្បាប់របស់ យាយមុំ ដែលជាមេឈ្មួញបទល្មើសព្រៃឈើ យ៉ាងសកម្មម្នាក់ក្នុងស្រុកអន្លង់វែង ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់ពីជាប់ផុងទៅមុខលែងរួច

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង ៣០ នាទីព្រឹក មានរថយន្តម៉ាក ស្តារិច មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(ពោធិ៍សាត់ 2B-6866) ដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មោះ យាយ ម៉ុម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រោង ទ្វារ បង្អួច ពេញៗ យ៉ាងសកម្មជារៀងរាល់ថ្ងៃរាល់យប់ បានជាប់ផុងទៅមុខលែងរួចនៅចំណុចក្នុងក្លោងទ្វារ(វត្តកុសលារាម (ហៅវត្តព្រៃស្អាក)ខាងកើតរង្វង់មូលស្រុកត្រពាំងប្រាសាទ ចម្ងាយប្រហែលជាង២០០មែត្រ ស្ថិតនៅក្នុង ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ ធ្វើការឆែកឆេរឃើញមានផ្ទុកឈើលើរថយន្ត ក៏បាននាំយកទៅកាន់កន្លែង អធិការរដ្ឋាននគរបាលស្រុក ដើម្បីធ្វើសំណុំរឿងបន្តរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចតាមដងផ្លូវ បានអោយដឹងថា យាយ ម៉ុម គឺជាមេឈ្មួញបទល្មើសព្រៃឈើខុសច្បាប់យ៉ាងសកម្មម្នាក់ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាម្ចាស់រថយន្តដឹកឈើខាងលើនេះ ដោយគាត់មានរថយន្តចំនួនពីរគ្រឿង ទី០១. រថយន្តម៉ាក ស្តារិចដែលកំពុងឃាត់ទុកក្នុងអធិការដ្ឋានស្រុកត្រពាំងប្រាសាទ ទី០២. រថយន្តម៉ាក ហ្វ្រន់ធា ពីរបាំង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(បន្ទាយមានជ័យ 2A-5369) ។

ប្រភពបន្តរទៀតថា រថយន្តទាំងពីរគ្រឿងនេះតែងតែធ្វើសកម្មភាពរដឹកជញ្ជូនគ្រោងទ្វារបង្អួច កែច្នៃ និងបង្កប់ដោយឈើប្រណិតធំៗ ហើយបានធ្វើសកម្មជារៀងរាល់យប់រាល់ថ្ងៃ រាប់ឆ្នាំកន្លងមកហើយ ចេញពី ខេត្តព្រះវិហារដោយដឹកឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ចូលទៅស្តុកទុកក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងធ្វើការដឹកជញ្ជូនបន្តយកទៅលក់ចែកចាយនៅតាមបណ្តាខេត្តនានា ដោយរលូន បើនិយាយពីអជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ គឺមិនដែលមើលឃើញឡើយ ទើបតែនៅថ្ងៃនេះ កម្លាំងនគរបាលឃាត់រថយន្ត យាយមុំបាន ដោយសារតែជាប់ផុងទៅមុខមិនរួច តែបើមិនជាប់ផុងវិញកុំសង្ឃឹម បើទោះជាអ្នកព័ត៌មានតាមថតរូបជាក់ស្តែង និងរាយកាណ៍ភ្លាមៗក៍ដោយ បើមិនដូច្នោះទេ យាយមុំ មិនអាចធ្វើសកម្មភាពបានរហូតដល់ពេលនេះឡើយ ។

ប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា ចំពោះសកម្មភាពបទល្មើសព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺមានស្ទើគ្រប់កន្លែង និងមានមេឈ្មួញបទល្មើសព្រៃឈើគ្រាក់ៗជាច្រើននាក់ទៀតដែលកំពុងធ្វើសកម្មភាពដោយមិនប៉ះពាល់ដល់អជ្ញាធរនិងមន្ត្រីជំនាញនោះទេ ។