អាជ្ញាធរជាតិអប្សរាដំឡើងរនាំងសំណាញ់ការពារសត្វប្រចៀវនៅថែវព្រះពាន់

ដោយ:កវី/សៀមរាប៖ ថែវព្រះពាន់ ជាទីតាំងសក្ការៈមួយនៅប្រាសាទអង្គរវត្ត ដែលពលរដ្ឋខ្មែរគោរពបូជា បានធ្វើរនាំងសំណាញ់បាំងការពារសត្វប្រចៀវ។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ ប៉ុន្តែថ្មប្រាសាទបានរងការខូចខាតដោយបញ្ហាទឹកនោម និងលាមកនៃហ្វូងសត្វប្រចៀវ។ លោក សយ សុភារិន្ទ បុរាណវិទូ ទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត និយាយអោយដឹងថា ក្រុមការងារកំពុងអនុវត្តគម្រោងដាក់សំណាញ់ការពារសត្វប្រចៀវ កុំឱ្យទុំនៅផ្នែកដំបូលនៃថែវ។ មូលហេតុសំខាន់ដែលសម្រេចឱ្យរៀបចំកិច្ចការនេះឡើង ព្រោះទឹកនោម និងលាមកសត្វប្រចៀវ នៅពេលមានសំណើមឬលាយទឹក បានបង្កើតជាតិអំបិល ដែលសារធាតុនេះងាយនឹងធ្វើឲ្យថ្មមានការពុកផុយ។ លោកបន្តថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំបែបនេះនៅកន្លែងផ្សេងហើយ ឃើញថាការបាំងសំណាញ់នេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់សត្វប្រចៀវមិនឱ្យចូលទុំនៅផ្នែកដំបូលប្រាសាទតទៅទៀត៕