ភាគីប្អូនបីគ្រួសារ សុំអោយអាជ្ញាសាលាទម្លាក់ចោល ការអនុវត្តដីការរក្សាការពារ

ដោយ:កវី/សៀមរាប៖ភាគីខាងប្អូនៗចំនួន៣គ្រួសារ បានទទូចសុំអោយអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ទម្លាក់ចោលការចុះអនុវត្តដីការរក្សាការពារ ត្បិតពួកគាត់ជាម្ចាស់ដីពិតហើយមានដីការរក្សាកាពារដូចគ្នា។
ការស្នើសុំនេះគឺ ក្រោយអាជ្ញាសាលាដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅអនុវត្តដីកាសម្រេចរក្សាការពារ ដោយបោះបង្គោលរបងលើដីទំនាស់ ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលកំពុងគ្រប់គ្រងដោយឈ្មោះសឿ សាវ៉ាត.សឿ សាវ៉ាង.និងសឿ វុធតី។
លោកសឿ សាវ៉ាត បានបរិយាយថា ដីទំនាស់នេះជាដីកេរ ដែលបានបែងចែកដល់បងប្អូនចំនួន៣នាក់ រួមមាន១.សឿ សាវុធ.២.សឿ សាវ៉ាត.៣សឿ សាវ៉ាង។ ពួកគាត់បានសង់ផ្ទះនៅរៀងខ្លួនមួយផ្នែកខាង មុខ ហើយនៅសល់មួយផ្នែកខាងក្រោយតាមកន្ទុយដីរៀងខ្លួន។ លុះថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២១ ឈ្មោះសឿ សាវុធ បងបង្កើតបានស្លាប់។ លោកបន្តថា ក្រោយបងប្រុសឈ្មោះសឿ សាវុធ ស្លាប់ប្រហែល១សប្តាហ៍ក៍ស្រាប់តែ ប្រពន្ធរបស់គាត់ដែលត្រូវជាបងថ្លៃ ឈ្មោះនេត សុខា តាមរយះមេធាវី ហៅពួកគាត់ទៅបើកឯក សារបណ្តាំ ហើយបញ្ជាក់ថា ដីនៅផ្នែកខាងក្រោយ ប្អូនទាំង២បានប្រគល់អោយបង(អ្នកស្លាប់)អស់ ហើយដូចក្នុងបណ្តាំទាំងពួកគាត់អត់ដឹងអ្វីទាំងអស់។ឃើញដូច្នេះ ពួកគាត់ក៍បានទៅដាក់ពាក្យបណ្តឹងរក្សាការពារ ក្នុងបំណងទប់ស្កាត់ការលក់ដូរឬបញ្ចាំពីសំណាក់បងថ្លៃ។
លោកសឿ សាវ៉ាត បន្ថែមថា ក្នុងគ្រាដែលពួកគាត់កំពុងទទួលសិទ្ធិក្នុងការរក្សាការពារ ក៍ស្រាប់តែនៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២១នេះ អាជ្ញាសាលាឈ្មោះឡុង សារ៉ាត់ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅវាស់វែងបាញ់គំនូសនិងបោះបង្គោលរបងលើដីរបស់ពួកគាត់(ដីទំនាស់) ហើយក៍ផ្អាកសកម្មភាពវិញក្រោយពេលពួកគាត់តវ៉ារារាំងមិនអោយអនុវត្ត។ ករណីនេះ រូបលោកសឿ សាវ៉ាត.សឿសាវ៉ាង.និងសឿវុធតី ស្នើសុំទៅស្ថាបន័តុលាការ ក៍ដូចជាអាជ្ញាសាលា មេត្តាទម្លាក់ចោលចំពោះការអនុវត្តដីកាសម្រេចនេះ ហើយបើកការស្រាវជ្រាវជាថ្មី ចំពោះដីដែលកំពុងមានទំនាស់ ត្បិតដីនេះជាចំណែករៀងៗខ្លួន។
ជុំវិញករណីខាងលើនេះ លោកឡុង សារ៉ាត់ អាជ្ញាសាលនៃសាលាដំបូងខេត្តសៀមរាប បានថ្លែងតាមទូរសព្ទ័ថា រូបលោកពិតជាបានចុះអនុវត្តដីកា សម្រេចរក្សាការពារលើដីទំនាស់ក្នុងភូមិសង្កាត់ខាង លើប្រាកដមែន។ តែការចុះអនុវត្តនោះមិនសម្រេចទេ ព្រោះភាគីកូនបំណុលមានការប្រមូលផ្តុំតវ៉ា ក្នុងកំឡុងពេលកូវីដ។ លោកបន្តថា ចំពោះដីកាសម្រេចរក្សាការ ពាររបស់សហកូនបំណុល តុលាការបានសម្រេចលុបចោល ហើយចេញដីកាសម្រេចរក្សាការពារមកខាងសហដើមបណ្តឹងវិញ។ ចឹងការចុះអនុវត្តរបស់លោក គឺនៅតែបន្តធ្វើតាមដីកាសម្រេចរបស់ចៅក្រមដដែល គ្រាន់តែរកពេលវេលា។ ប៉ុន្តែបើចៅក្រមសម្រេច ដីកាជាថ្មីយ៉ាងណានោះ លោកនិងអនុវត្តតាមការជាក់ស្តែង។
ទោះបីយ៉ាងណា ភាគីខាងប្អូន នៅតែអះអាងថា បងថ្លៃមានការលោភលន់ ក្រោយពីប្តីខ្លួនស្លាប់៕