ជិះម៉ូតូកង់បីមកលោតទឹក សម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ

ដោយៈកវី/ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មកលោតទឹកពីលើស្ពានជ្រោយចង្វារបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍ បង្កឲ្យការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហាឆ្នាំ ២០២១ នៅលើស្ពានជ្រោយចង្វារចាស់។
ក្រោយពីលោតសម្លាប់ខ្លួន បានបន្សល់ទុកវត្ថុតាង រួមមានស្បែកជើងមួយគូ លុយជាង៣ម៉ឺនរៀលរួមនឹងទូរស័ព្ទ១គ្រឿង។
ព័ត៌មានពីកន្លែងហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង 1N 2912 បានបើកឡើងលើស្ពានជ្រោយចង្វារចាស់ផ្នែកខាង ត្បូង។ លុះដល់ពាក់កណ្ដាលស្ពាន បុរសរូបនោះឈប់ ចត ហើយចុះដោះស្បែកជើងរួចក៏លោតចូលទឹកបណ្តាលឲ្យលិចបាត់តែម្តង។
ប្រភពបន្តថា ក្រោយពេលបុរសម្នាក់នោះលោត ចូលទឹកហើយ គឺបានបន្សល់ទុកម៉ូតូកង់បីមួយគ្រឿងស្បែកជើងមួយគូ ទូរស័ព្ទមួយគ្រឿង និងលុយជាង ៣ ម៉ឺនរៀល។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ ពិនិត្យលើវត្ថុតាងដែលបន្សល់ ដើម្បីស្រាវជ្រាវរកសាច់ញាតិ។
ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ក៍ដូចជាមូលហេតុនៃការលោតទឹកសម្លាប់ខ្លួន របស់បុរសខាងលើនោះនៅ ឡើយទេ ដោយកំពុងស្រាវជ្រាវរកក្រុមសាច់ញាតិ៕