យោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧និងក្រុមគ្រួសារទទួលបានការចាក់វ៉ាក់សាំងដូសទី៣

ដោយៈកវី/សៀមរាប៖​   មន្ត្រីយោធិនពិការនិងគ្រួសារប្រមាណជា៣០០នាក់ ដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានទទួលការចាក់វ៉ាក់ដូសទី៣ ឬដូសជម្រុញ ប្រភេទវ៉ាក់សាំងអាស្ត្រាហ្សេណេកា។

នាយកមជ្ឈមណ្ឌល លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ បានធ្វើឡើងជា២វគ្គ ដោយវគ្គទី១ បានចាក់ជូនបងប្អូនដែលជាយោធិនពិការ និងក្រុមគ្រួសារបានជាង៣៧០នាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ លោកបន្តថា សម្រាប់ថ្ងៃទី០៣កញ្ញានេះ គឺជាវគ្គទី២នេះ ដែលនឹងត្រូវចាក់ជូនបងប្អូនដែលនៅសេសសល់ប្រមាណជាង២០០នាក់ទៀត។

ជាមួយនឹងលទ្ធផលនៃការចាក់វ៉ាក់សាំងបងប្អូនដែលជាយោធិនពិការ បានយ៉ាងច្រើនលើសលប់នេះ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន ៣១៧ សៀមរាប បានលើកឡើងថា ជាការយកចិត្តទុក្ខដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ មកលើសុខមាលភាពប្រជាពលលរដ្ឋ ជាពិសេសយោធិនពិការ និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះនូវព្រឹត្តិការណ៍ឆ្លងនូវមេរោគកូវីដ១៩ ជាសហគមន៍ នៅក្នុងខេត្តសៀមរាប រហូតមកដល់ពេលនេះ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ការឆ្លងមេរោគនេះមានតែ២ករណីប៉ុណ្ណោះ ។  ការដែលមានចំនួនអ្នកឆ្លងតិចតួចបំផុតនេះ ដោយសារតែការគ្រប់គ្រង របស់គណៈគ្រប់គ្រងមជ្ឈមណ្ឌល និងការចូលរួមពីសំណាក់បងប្អូនយោធិនពិការនិងក្រុមគ្រួសារ ដោយពួកគាត់អនុវត្តបាននូវវិធានការ របស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ បានយ៉ាងល្អប្រសើរ៕