ប៉េអឹមឃាត់ខ្លួនអ្នកព័ត៌មាន១០នាក់ ពីបទកំហែងយកទារប្រាក់៤០០០ ដុល្លារ


ដោយ:កវី/ស្ទឹងត្រែង:សមត្ថកិច្ចប៉េអឹមខេត្តស្ទឹង ត្រែងបានឃាត់ខ្លួនអ្នកសារព័ត៍មានចំនួន១០នាក់កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២១។
សមត្ថកិច្ចក្នុងហេតុការណ៍ បានឲ្យដឹងថាអ្នកសារ ព័ត៌មានចំនួន១១នាក់ជិះរថយន្ត៣គ្រឿងបានឃាត់រថយន្តយីឌុបដឹកឈើ ប្រភេទគ្រឿងផ្ទះមួយគ្រឿងនៅលើដងផ្លូវជាតិលេខ៩ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រភពបន្តថា អ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកនៅ ក្នុងខេត្តស្ទឹងត្រែងទេ គឺពួកគេមកពីតាមបណ្ដាខេត្តផ្សេងដែលបានចុះមកបំពេញការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លុះពេលប្រទះឃើញរថយន្តដឹកឈើខាងលើ ក៏ បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌មានបានឃាត់រថយន្តដឹកឈើនោះ។
បន្ទាប់ពីមន្ត្រីអាវុធហត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះ នាំគ្នាបើករថយន្តចេញអស់ ។ខណ:នោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ។
ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើកម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានឃាត់រថយន្តកាមរីពណ៌ក្រហមមួយគ្រឿងនិងរថយន្ត ២គ្រឿងទៀតត្រូវកងរាជអាវុធហត្ថស្រុកឆែបខេត្តព្រះវិហារឃាត់បញ្ជូនមកខេត្តស្ទឹងត្រែង។
អ្នកសារព័ត៌មានចំនួន១១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន១០នាក់ ហើយម្នាក់ទៀតបានគេចខ្លួន។ចំពោះរថយន្តដឹកឈើមួយគ្រឿងនោះក៏ត្រូវបានឃាត់ ទុក។
ប្រភពបញ្ជាក់ថា រថយន្តដឹកឈើខាងលើនោះ មានទិសដៅចេញពីភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាប រិវ៉ាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ភូមិតារេនជោឃុំអង្កាញ់ស្រុកទ្រាំងខេត្តតាកែវ ដោយមានការអនុញ្ញាតពីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ដើម្បីយកទៅសាងសង់លំនៅដ្ឋាននៅខេត្តតាកែវ។
ទោះបីយ៉ាងណាសមត្ថកិច្ច មិនទាន់បញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានខាងលើ នឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេ ត្បិតកំពុងធ្វើការសាកសួរនៅឡើយ៕