ស្ថាប័នធានាគុណភាពជប៉ុនកោតសរសើរអំពីបរិស្ថាននៅរមណីយដ្ឋានអង្គរ


    ដោយ:កវី/សៀមរាប៖ ស្ថាប័នធានាគុណភាពប្រទេសជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance) បានសំដែងការកោតសរសើដល់អាជ្ញាធរជាតិអប្សរាអំពីការអនុវត្តវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2015 នៅរមណីយដ្ឋានអង្គរ។

តាមការពិនិត្យ វាយតម្លៃជាទូទៅអំពីយុទ្ធសាស្រ្តអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2015 នៅរមណីយដ្ឋានអង្គរ ស្ថាប័នJQA បានផ្តោតលើ៤ចំណុច ១. ត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តការងារ ២. គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាអំពីការការពារបរិស្ថាន ការរៀបចំឱ្យមានភាពស្រស់បំព្រង និងការការពារបេតិកភណ្ឌ ៣. ដំណោះស្រាយលើបញ្ហាប្រឈម និងវិធីសាស្ត្រឆ្លើយតប ៤. ការកែលម្អរលើករណីខុសឆ្គង។

ក្នុងនោះដែរ ស្ថាប័នJQAក៏បានសង្កេតឃើញអំពីវឌ្ឍនភាពវិជ្ជមានក្នុងការរៀបចំផ្នែកបរិស្ថាន ដែលមានលក្ខណៈសមស្របជាមួយនឹងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ៕