ភាពទាក់ទាញនៃប្រាសាទក្រវ៉ាន់

ដោយ:កវី/សៀមរាប៖ប្រាសាទក្រវ៉ាន់ មានទីតាំងស្ថិត នៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទ បន្ទាយក្តី ត្រូវបានកសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។

 ព្រោះតែភាពទាក់ទាញ ដែលមើលទៅហាក់មានភាពរស់រវើក ភ្ញៀវទេសចរតែងតែលង់នឹងសម្រស់ដ៏ស្រស់ត្រកាល ព្រមទាំងផ្ដិតយករូបភាពស្អាតៗរបស់ប្រាសាទក្រវ៉ាន់ ដែលមានវ័យចំណាស់ ក្នុងចំណោមប្រាង្គប្រាសាទបុរាណនានា។
  ប្រាសាទដែលសង់ពីឥដ្ឋនេះ មានតួប៉មប្រាំដែលបែរមុខទៅទិសខាងកើត និងមានចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះ ដោយរំលេចនូវរូបភាព និងក្បូរក្បាច់ចម្លាក់ច្បាស់ៗគួរឱ្យចង់គយគន់។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច ប៉ុន្តែចម្លាក់ឥដ្ឋទាំងនោះនៅមានលក្ខណៈល្អឥតខ្ចោះ និងជាទីគាប់ចិត្តសម្រាប់ភ្ញៀវទេសចរ៕