អាជ្ញាធរអប្សរា:ការកាត់ដើមឈើនៅមុខប្រាសាទអង្គរគឺបញ្ជៀសគ្រោះថ្នាក់ មិនមែនធ្វើអាជីវកម្មនោះឡើយ

ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សរា ច្រានចោលការចុះផ្សាយព័ត៌មាន របស់ ឌឹខេមបូឌាដេលី ដែលបានផ្សាយថា អាជ្ញាធរជាតិអប្សរាកាប់ដើមឈើធំៗនៅ មុខប្រាសាទអង្គរវត្ត ដើម្បីធ្វើអាជីវកម្ម។
     អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ ដារដ្ឋ កាលពីថ្ងៃទី១៦ខែកញ្ញា បានថ្លែងថា ថ្មីៗនេះមន្ត្រីជំនាញរបស់អាជ្ញាជាតិអប្សរាបានកាត់ ដើមឈើទាល ចំនួន២ដើមនៅមុខបរិវេណប្រាសាទអង្គរវត្ត ។ តែមុននឹងកាត់មន្ត្រីជំនាញបានថែទាំព្យាបាលយ៉ាងហ្មត់ចត់បំផុតដើម្បីឱ្យមានជីវិត។  ប៉ុន្ដែដោយសារអាយុកាលនិងមានជំងឺ មិនអាចព្យាបាលបានទើបអាជ្ញាធរសម្រេចកាត់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។ ចំពោះការកាត់នេះក៍មានការជូន ដំណឹងជាមុនផងដែរ មិនមែនកាត់ធ្វើអាជីវកម្មដូចការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុករបស់ឌឹខេមបូឌាដេលីខ្មែរនោះទេ។
     លោកអគ្គនាយករង បន្ដថា ដើមឈើនៅខាងមុខប្រាសាទអង្គរ មានច្រើនដើមដែលបានមានហានីភ័យដល់ភ្ញៀវទេសចរ។ ដើមឈើក៏មានជំងឺដូចមនុស្ស និងសត្វដែរ។ អីចឹងទេ ការផ្សព្វផ្សាយតាមហ្វេសប៊ុក ឌឹខេមបូឌាដេលី គឺជាព័ត៌មានបំភ្លើស បែបញុះញុង ពុំមែនជាការពិតឡើយ ។
     លោកបញ្ជាក់ថា ដើមឈើនៅខាងមុខអង្គរ នឹងត្រូវកាត់ចោលបន្ថែមទៀត ដើម្បីកុំឱ្យមានហានីភ័យដល់អ្នកទេសចរ ក៏ដូចប្រជាពលរដ្ឋអាជីវករ ព្រោះដើមមួយចំនួនវាបានងាប់រួចទៅហើយ។

     លោកអគ្គនាយករង បញ្ជាក់ទៀតថា កាលពីថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ២០២១នេះ ផេកហ្វេសប៊ុក ឌឹខេមបូឌាដេលី ខ្មែរ បានផ្សព្វផ្សាយថា ដើមឈើទាលធំៗមានអាយុកាលរាប់រយឆ្នាំ ដុះក្នុងតំបន់ឧទ្យានអង្គរនៅមុខប្រាសាទអង្គរវត្ត ដែលជាភាពទាក់ទាញភ្ញៀវទេសចរនោះ កំពុងប្រឈមងាប់ជាបណ្តើរៗដោយសារដាក់ថ្នាំពុល និងមានដើមឈើខ្លះទៀត ត្រូវគេកាប់ដោយស្របច្បាប់។
      ចំពោះការផ្សាយនេះ លោកអគ្គនាយករងនៃអាជ្ញា ធរជាតិអប្សរា បានច្រានចោលទាំងស្រុង។ តែលោក បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក៍បានដាំដើមឈើរាប់ម៉ឺនដើមក្នុងតំបន់រមណយដ្ឋានអង្គរផងដែរ៕