ព្រះសិរមេទេវតាព្រះភ័ក្រ្ត៤រកឃើញនៅខ្លោងទ្វារតាកាវ

ដោយ:កវី/សៀមរាប៖រូបចម្លាក់ព្រះសិរមេទេវតា ត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។

រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយ នឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។

បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើង វិញ៕