អ្នកល្មើសបំរាមអាចនឹងឃាត់ខ្លួន ក្នុងវិធានការរឹតបន្តឹងកាត់ផ្តាច់ខ្សែចម្លងកូវីដ.១៩នៅសៀមរាប

ដោយ:កវី/សៀមរាប៖ ការអនុវត្តវិធានការរឹតបន្តឹងក្នុងការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩ក្នុងក្រុងសៀមរាប
ចំពោះបុគ្គលដែលល្មើសបំរាម អាចត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតមធ្យោបាយធ្វើដំណើរ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៍មានខេត្តកាលពីល្ងាចថ្ងៃទី២៨ខែកញ្ញានេះ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បង្ហាញថា ផែនការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ -១៩ នេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹងនៅលើទីតាុំងដៅជាង១០០ គោលដៅ។
លោកស្នងការ បញ្ជាក់ថា ក្រោមបទបញ្ជាររបស់អភិបាលខេត្ត កម្លាំងសមត្ថកិច្ច រួមមានកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ បន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង។ ក្នុងនោះសមត្ថកិច្ចបានបំពាក់ដោយម៉ូតូជាង ៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំង សម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀត ផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅ ក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

សូមបញ្ជាក់ថា ក្នុងសប្តាហ៍កន្លងទៅ វិធានការរដ្ឋបាលដែលបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរ ដែលល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ។ ប៉ុន្តែការរឹតបន្តឹងនៅពេលនេះ នឹងធ្វើការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម និងអាចឈានទៅទទួលទោសតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលទៀតផង។
ជាមួយការចេញបទបញ្ជារឹតបន្តឹងបន្ថែមនេះគឺព្រោះតែ ពលរដ្ឋមួយចំនួនតូចពុំអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដែលជាវិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ។ ពិសេសគឺការបំពានបំរាម ដែលបានបង្កឱ្យការទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ពុំមានប្រសិទ្ធភាព ឆ្លើយតបទៅតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហមនោះ ៕