ចៅសង្កាត់ជ្រាវគ្រោងប្តឹងបុគ្គលបីរូបដែលញុះញង់ពលរដ្ឋអោយរារាំងការជីស្តារត្រពាំងបុរាណ


     ដោយ:កវី/សៀមរាប៖ ចៅសង្កាត់ជ្រាវ បានអះអាងថា លោកនឹងប្តឹងបុគ្គល៣រូប តាមផ្លូវច្បាប់ ប្រ សិនបើពួកគេនៅតែបន្តញុះញុងក្រុមពលរដ្ឋអោយតវ៉ារារាំងការអភិវឌ្ឍន៍ជីកស្តារត្រពាំងបុរាណ(ហែផ្កា)។
     លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បញ្ជាក់បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២១ នៅក្នុងសា លាសង្កាត់តែម្តង។ លោកបន្តថា ត្រពាំងបុរាណឈ្មោះ ថាត្រពាំងហែផ្កា មានទីតាំងក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហ៊ំជាង៦ម៉ឺនម៉ែត្រ ក្រឡា(ជាង៦ហិកតា)។ ត្រពាំងបុរាណមួយនេះ បានរងការរំលោភបំពានកាន់កាប់ដោយបុគ្គល៣ទៅ៤រូប ហើយត្រូវបានជួយសង្គ្រោះមកវិញដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង.និងអាជ្ញាធរខេត្តសៀមរាប។ ដោយមើលឃើញអំពីសក្តានុពល នៃក្រុងរណបអង្គរដែលអាចទាក់ទាញអ្នក ទេសចរ ទៅកំ សាន្ត និងអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅក្បែរនោះអោយមានជីវភាពប្រសើរ តាមរយ:ការលក់ដូរ និងដើម្បីរក្សាសម្បត្តិជាតិផងនោះ អាជ្ញាធរទាំង៣ ខាងលើ បានផ្តល់សិទ្ធិអោយអាជ្ញាធរសង្កាត់ជីកស្តារដើម្បីអភិរក្សត្រពាំងបុរាណនេះឡើងវិញ។ ប៉ុន្តែនៅ ពេលរៀបចំដាក់គ្រឿងចក្រដើម្បីជីកស្តារ ក៍ត្រូវក្រុមពលរដ្ឋលើកគ្នាមកតវ៉ារារាំងមិនអោយជីកស្តារ ដោយ មានបុគ្គល៣រូបជាអ្នកញុះញង់ក្រុមពលរដ្ឋ។
     លោកក្អោប រ៉ន បានបញ្ជាក់ថា បុគ្គ៣រូបដែលញុះ ញុងពលរដ្ឋអោយរារាំងការអភិរក្សនេះ ទី១ឈ្មោះភាជ ផង់ ជាមេភូមិបុស្សក្រឡាញ់ ទី២ឈ្មោះ ឃុន សុខន ជាឈ្មួញដីឡូត៍ និងទី៣ឈ្មោះពុម សុគន្ធា ភេទស្រី ជាឈ្មួញដីឡូត៍ និងមានបុគ្គលម្នាក់ទៀតជាមន្ត្រីក្នុងសាលាសង្កាត់ជ្រាវ ជាមេខ្លោងនៅពីក្រោយខ្នង។ ការដែលពួកគេញុះញុងពលរដ្ឋអោយតវ៉ារារាំងនេះ គឺក្នុងគោលបំណងរំលោភយកដីត្រពាំងកាន់កាប់ដើម្បីពុះឡូត៍លក់ចែកគ្នា។ តាមពិតពលរដ្ឋដែលរស់នៅលើដីមាត់ត្រពាំងមានត្រឹមតែ៦ គ្រួ សារប៉ុណ្ណោះ ហើយក៍បានស្រង់ឈ្មោះសម្រាប់ដោះ ស្រាយរួចហើយដែរ។ ប៉ុន្តែពួកគេ បែជាដើរប្រមូលពលរដ្ឋអោយផ្តិតមេដៃរហូតជិត៣០០នាក់ នេះអាចបញ្ជាក់ថា ក្លែងមេដៃ។
   លោកក្អោប រ៉ន បញ្ជាក់ទៀតថា ក្នុងសប្តាហ៍ខាង មុខនេះ អាជ្ញាធរសង្កាត់នឹងដាក់គ្រឿងចក្រជីកស្តារត្រពាំងជាថ្មី ហើយបើបុគ្គល៣រូបខាងលើនៅតែបន្តញុះញុងដឹកនាំពលរដ្ឋមករារាំងទៀត លោកនឹងប្តឹងតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់ឡើយ ត្បិតអាជ្ញាធរគ្រប់ថ្នាក់ចេញសេចក្តីសម្រេចរួចអស់ហើយ។
     យោងតាមការបញ្ជាក់របស់លោកចៅសង្កាត់ គេរំពឹងថា អាជ្ញាធរគ្រប់ថ្នាក់ នឹងចាត់វិធានការលើបុគ្គលរារាំងការអភិវឌ្ឍន៍នេះ៕រូបភាព:ត្រពាំងហែផ្កា និងរូបតវ៉ាពេលកន្លងទៅ។

dig
dig