ក្រុមភ្នាក់ងារទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ សិក្សាវគ្គបណ្តុះបណ្តាលការគ្រប់គ្រងហានិភ័យប្រាសាទ

   ដោយ:កវី/សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១នេះក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានានៅក្នុងរមណី យដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ។
     វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយក ដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអ្នក ជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។

     វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាង ជើងថែវរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោល បំ ណងពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់តាមប្រាសាទជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រា សាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។

លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីចំណេះដឹងទូទៅ អំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្ម រចនាសម្ពន្ធ  និងស្គាល់ច្បាស់ពីទីតាំងហានិភ័យជាដើម។ លោក អ៉ឹម សុខរិទ្ធី បន្ថែមថា ចំណេះដឹងជាមូលដ្ឋាន គឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ ដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា៕