អាជ្ញាធរជាតិអប្សរាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះបរមរតនកោដ្ឋខួបសោយ ទិវង្គត៩ព្រះវស្សា


    ដោយ:កវី/សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គឹម សុធិន អគ្គនាយករង តំ ណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយ ព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយ ទិវង្គត៩ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាំងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សូមសម្តែងព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ។

អាជ្ញាធរជាតិអប្សរា ចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា ក៏ដូចជាព្រះរាជកិច្ចដាក់បញ្ចូលតំបន់អង្គរជាបេតិកភណ្ឌពិភពលោករហូតដល់សព្វថ្ងៃនេះ៕