មេប៉ូលិសបាគង ច្រានចោលបណ្តឹង ដែលចោទថា ពុករលួយ


ដោយ:កវី/សៀមរាប៖អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯកលឹម សម្បត្តិ បានថ្លែងថា លោកសុំបដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមឹក ដែលបានប្តឹងចោទថា រូបលោកពុក រលួយ។
ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមឹកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញសារព័ត៏មានយកទៅចុះផ្សាយជាបន្ត បន្ទាប់។
អធិការនគរបាលស្រុកប្រាសាទបាគង លោក វរ សេនីយ៍ឯក លឹម សម្បត្តិ បានថ្លែងអោយដឹងតាមទូរសព្ទ័ថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងរូបលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។ ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តិអំពើពុករលួយ សុំអោយថ្នាក់លើដករូបលោកចេញពីដំណែងជាអធិ ការ​ករណីនេះ រូបលោកក៍មិនបានដឹងអំពីបំណងរបស់បុគ្គលដែរ តែសង្ឃឹមថា ថ្នាក់លើនឹងស្រាវជ្រាវពិនិត្យនិងពិចារណា។
លោកអធិការបញ្ជាក់ថា កន្លងមកធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិការខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៍បានឯក ភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀលយកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក។ចំណែករឿងទិញអាយកូមសម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៍ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៍បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីរឿងទាំងនេះ រូបលោកក៍បានចំណាយថវិការផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអរក្នុងបរិវេណអធិការផងដែរ។
ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូ ប្លាតុង អភិបាលស្រុកប្រសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមឹកដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។ លោកអភិបាលស្រុក បានសរសេរថា កំឡុងពេលកន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិ ភាពពលរដ្ឋក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់ យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមឹកឡើយ។
ចំណែកលោកអធិការលឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់គេបាន តែសុំថ្នាក់ដឹងនាំ មេត្តាស្រាវជ្រាវ​ ពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តិដូច បណ្តឹងអនាមឹកនោះឡើយ៕