រយៈពេល៩ខែ អាជ្ញាធរជាតិអប្សរាផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ


ដោយ:កវី/សៀមរាប៖ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ។ ជាក់ស្តែងចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លិខិត អនុញ្ញាតសាងសង់ចំនួន៣៩២ ករណី ដោយមានភ្ជាប់នូវគំនូសប្លង់ស្ថាបត្យកម្មខ្មែរត្រូវបានចេញជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់។

ការអនុញ្ញាតនោះរួមមាន៖ ខែមករា អនុញ្ញាតចំនួន៦១ ករណី ខែកុម្ភៈ អនុញ្ញាតចំនួន៧៣ ករណី ខែមីនា អនុញ្ញាតបានចំនួន៣៩ ករណី ខែមេសាអនុញ្ញាតចំនួន៣៣ ករណី ខែឧសភាអនុញ្ញាតបានចំនួន៤៨ ករណី ខែមិថុនា អនុញ្ញាតបានចំនួន១៣ ករណី ខែកក្កដា អនុញ្ញាតបានចំនួន៤១ ករណី ខែសីហា អនុញ្ញាតបានចំនួន៥៥ ករណី និងខែកញ្ញា អនុញ្ញាតបានចំនួន២៩ ករណីផងដែរ។

ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប ច្រកចេញតែមួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែមួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា។

បញ្ជាក់៖ ករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខ ខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិត អនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការ សាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕