អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដាំកូន ឈើ២០០០ដើមនៅវត្តអង្គរខាងជើង


     ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដែលសហការជាមួយព្រះសង្ឃ  បានរួមគ្នាដាំកូនឈើប្រមាណ ២,០០០ដើម នៅបរិវេណវត្ត ឥន្ទបត្តបុរី អង្គរខាងជើង  កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រែទីនោះ ឱ្យក្លាយទៅជាសួនទេសភាពវប្បធម៌។
     សកម្មភាព រួមគ្នាដាំកូនឈើនោះ មានការអញ្ជើញចូលរួម ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈនិងជានាយកសាលាភូមិន្ទរដ្ឋបាល លោកជំទាវ យូ សុភា អភិបាល រង ខេត្ត  ព្រមទាំងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ព្រះសង្ឃ និងមន្រ្តី បុគ្គលិកជាអង្គ/នាក់ទៀត។
       ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសដាំកូនឈើនោះ ថា ការរៀបចំដាំកូនឈើនៅវត្តឥន្ទបត្តបុរីពេលនេះមិនមែនសំដៅតែលើការលើកតម្លៃទេសភាពវប្បធម៌ដែលពាក់ព័ន្ធជាមួយវត្តអារាមនៅទីនោះឡើយ។ សំ ខាន់ គឺការផ្សារភ្ជាប់ការរៀបចំទីអារាមនេះទៅក្នុងតម្លៃលេចធ្លោជាសាកលរបស់រមណីយដ្ឋានអង្គរ ដែលរមណីយដ្ឋាននេះមិនត្រឹមតែជាអត្តសញ្ញាណជាតិរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។
     ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានវាយតម្លៃខ្ពស់ ចំពោះពិធីដាំកូនឈើ នៅពេលនេះ ថាជាការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ក្នុងក្រប ខណ្ឌកែលម្អបរិស្ថានក្នុងតំបន់អង្គរ  ពីព្រោះថា ដើម ឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងបរិស្ថាន។
     នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរា បានដាំដុះដើមឈើឡើងវិញនៅក្នុងបរិវេណឧទ្យានអង្គរ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ កូនឈើប្រណីតៗមាន បេង នាងនួន ធ្នង់ គ្រញូង និងកូនឈើចម្រុះជាច្រើនទៀត សរុបប្រមាណជាង២លានដើមហើយ ដែលអាជ្ញាធរជាតិអប្សរាបានដាំនៅក្នុងតំបន់ឧទ្យានអង្គរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏មានស្ថានីយបណ្តុះកូនឈើ ចំនួន១០ទីតាំង ដែលមានលទ្ធភាពបណ្តុះកូនឈើជាច្រើនម៉ឺនដើមក្នុងមួយឆ្នាំៗ ដើម្បីដាំដុះនិងចែកជូនសាធារណជនផង៕