ទេសភាពបៃតងស្រស់ត្រកាល ជុំវិញបរិវេណប្រាសាទព្រហ្មកិល


ដោយ:កវី/សៀមរាប៖ បច្ចុប្បន្ននេះ បរិវេណជុំវិញប្រា សាទព្រហ្មកិល បានប្រែមុខមាត់ថ្មី ក្រោយពីអាជ្ញាធរជាតិអប្សរា រៀប​ចំដាំស្មៅ ផ្កា កាត់គ្រីមែកឈើ ដក ហូត រុក្ខជាតិដែលមិនចាំបាច់ និងរៀបចំឱ្យមានសណ្តាប់ ដោយមាន​ការ​ថែទាំជាប្រចាំ។

ការកែលម្អនេះ បានលើកតម្លៃប្រាសាទបុរាណ ធ្វើយ៉ាងណាឱ្យបរិវេណជុំវិញប្រាសាទព្រហ្មកិល​នេះ​មានទេសភាពល្អ និងសោភ័ណភាពបៃតង​ស្រស់​បំព្រង មានភាពទាក់ទាញចំណាប់អារម្មណ៍​ភ្ញៀវទេសចរ និងអ្នកដំណើរដែលមកទស្សនា ឬឆ្លងកាត់ទីនេះ។

ពិសេសបច្ចុប្បន្ន​ ប្រាសាទព្រហ្មកិល ដែលជា​អតីតមន្ទីរពេទ្យសម័យអង្គរ កំពុងទទួលបានការជួសជុល ហើយក្រោយពេលប្រាសាទបុរាណមួយ​នេះ ត្រូវ​បានជួសជុលរួចរាល់ នឹងរឹតតែលើកសោភ័ណភាពប្រណីតមួយកម្រិតថែម​ទៀត៕