អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ជ្រុងពាយ័ព្យ

ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើច្រាំងកសិន្ធុ ជ្រុងពាយ័ព្យ នៃប្រាសាទអង្គរវត្ត។
       ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបន្ត ការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយ័ព្យនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ។

អ្នកស្រី នង បូរ៉ាវី បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ  ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងពាយ័ព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្ត ជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមមកអង្គុយផ្តិតយករូបភាព កំពូលប្រាំ ដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។  ម្យ៉ាងទៀតបើសិនយើងជួសជុលរួចរាល់ ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេរឡើង ។

លោកស្រីបន្តថា ការងារជំហានដំបូង ក្រុមការងារបានធ្វើរួចរាល់ ដូចជា៖  បិទទំនប់  សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជើថ្ម។  

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុរអង្គរវត្ត  ជ្រុងពាយ័ព្យ បានប្រវែង១០០ម៉ែត្ររួចមកហើយ៕