អាជ្ញាធរចាប់ផ្តើមស្តារត្រពាំងហែផ្កាដើម្បីរៀបចំទៅជាតំបន់ទេសចរ


   ដោយ:កវី/សៀមរាប៖ អាជ្ញាធរសង្កាត់ជ្រាវចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណឈ្មោះ´ហែផ្កា` ហើយរៀបចំទីនោះអោយក្លាយទៅជាតំបន់ទេសចរ បន្ទាប់ពីទទួលបានច្បាប់អនុញាតិ។
     លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានបញ្ជាក់ថា ដើម្បីរក្សាសម្បត្តិជាតិអោយស្ថិតស្ថេរគង់វង្ស ហើយទីតាំងត្រពាំងបុរាណនេះមានសក្តានុពល អាចកែប្រែអោយក្លាយទៅជាតំបន់ទេសចរដ៌ទាក់ទាញបានផងនោះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្ត.ក្រុង សម្រេចអោយមានការជីកស្តារដើម្បីអភិរក្សបែបនេះ។
     លោកបន្តថា ត្រពាំងបុរាណឈ្មោះ ហែផ្កា មានទំហ៊ុំជាង៦ម៉ឺនម៉ែត្រក្រឡា(ជាង៦ហិកតា) ហើយត្រូវជីកជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំងកំពស់០.៥ទៅ១ម៉ែត្រតាមស្ថាន ភាពជាក់ស្តែង។ បន្ទាប់ពីរៀបចំរួចរាល់ អាជ្ញាធរនឹងផ្តល់ទីតាំជុំវិញមាត់ត្រពាំងអោយពលរដ្ឋក្នុងមូលដ្ឋានមានការលក់ដូរតាមតម្រូវការ។
     ការជីកស្តារត្រពាំងបុរាណនេះ ក្រៅពីរក្សាសម្បត្តិបេតិកភណ្ឌជាតិអោយគង់វង្ស និងរៀបចំទៅជាតំបន់ទេសចរ ក៍អាចផ្តល់មុខរបរដល់ពលរដ្ខក្នុងមូលដ្ឋានមួយចំណែកទៀតដែរតាមរយ:ការលក់ដូរផ្សេងៗ។
     លោកចៅសង្កាត់បន្ថែមថា ដោយអាជ្ញាធរគ្រប់ជាន់ ថ្នាក់បានស្រង់ឈ្មោះ និងដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋប៉ុន្មានគ្រួសារ ហើយការជីកស្តារដំណើរ ការបានដោយរលូន គម្រោងនេះនឹងបញ្ចប់នាចុងរដូវប្រាំងខាងមុខនេះហើយ។
      សូមបញ្ជាក់ថា ត្រពាំងបុរាណឈ្មោះ´ហែផ្កា` មានទីតាំងស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានទំហ៊ំជាង៦ហិកតា។កន្លងមកត្រពាំងនេះរងការរំលោភបំពានគ្រប់គ្រងកាន់ កាប់ដោយបុគ្គលមានឥទ្ធិពល៤ទៅ៥រូប ដោយពួកគេវាស់វែងចែកគ្នាសាងសង់មួយផ្នែក និងវាស់ពុះជាដីឡូត៍សម្រាប់លក់មួយផ្នែក។ ប៉ុន្តែក្នុងកំឡុងចុងឆ្នាំ ២០១៩ ដើមឆ្នាំ២០២០កន្លងមកនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្រុង និងខេត្តជួយ សង្គ្រោះមកវិញទាន់ពេល ដោយឈូសឆាយវាយ កម្ទេចសំណង់ល្មើសច្បាប់ទាំងនោះ និងដកហូតយកដីត្រពាំងមករក្សាជាសម្បត្តិរដ្ឋ ហើយរៀបចំជាតំបន់ទេសចរ ក្រោមការចូលរួមសហការពីក្រុមពលរដ្ឋបែបនេះ៕

   

dig
dig