ក្រុមការងារដករុក្ខជាតិតាមប្រាសាទនារដូវវស្សាបង្កើនកម្លាំងសម្អាត


ដោយ:កវី/សៀមរាប៖ភ្លៀងធ្លាក់ជាបន្តបន្ទាប់នារដូវវស្សានេះ ជាអំណោយផលដល់រុក្ខជាតិចម្រុះបង្កើនការលូតលាស់នៅលើថ្មប្រាសាទ។ ករណីនេះ ធ្វើឱ្យក្រុមការងារដករុក្ខជាតិតាមប្រាសាទ ត្រូវបង្កើនកម្លាំងកាន់តែខ្លាំងដើម្បីសម្អាតរុក្ខជាតិទាំងនោះមិនឱ្យប៉ះ ពាល់ថ្ម និងសោភ័ណភាពប្រាសាទឡើយ។

លោក ងិន ធី អ្នកគ្រប់គ្រងពលករកាត់សម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដើមរុក្ខជាតិតូចធំមានដុះច្រើនតាមថ្មប្រាសាទក្នុងរដូវវស្សានេះ ពិសេសវត្តមានរុក្ខជាតិតូចៗ។ ទោះរុក្ខជាតិទាំងនោះហាក់ដុះលឿនខ្លាំងក្នុងរដូវវស្សា តែក្រុមការងាររបស់លោក ងិន ធី មិនបានបង្អង់កម្លាំងនោះទេ ផ្ទុយទៅវិញក្រុមការងារបានបង្កើនកម្លាំងទ្វេ ដើម្បីដកកាត់រុក្ខជាតិតូចធំទាំងនោះ មិនឱ្យដុះស្ដុកទ្រុប ធ្វើឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ថ្មប្រាសាទទេ។

ក្រុមការងារបានបែងចែកគោលដៅសម្អាតបានច្បាស់លាស់ ពិសេសទីតាំងដែលមានចរាចរណ៍ទេសចរមមាញឹក និងបានដកឃ្លាតាមគោលដៅខ្លះដែលពុំមានចរាចរណ៍ទេសចរចូលទៅទស្សនាច្រើន ដោយទុកសម្អាតពេលក្រោយ តែមិនទុកឱ្យដុះស្ដុកច្រើនឡើយ។

សូមបន្ថែមថា ក្រៅពីក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទនេះ ក្នុងនោះក៏មានក្រុមការងារដទៃទៀតក៏ចូលរួមលើការកាត់សម្អាត និងការងារអនាម័យក្នុងប្រាសាទផងដែរ ក្នុងនោះមានភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ជាដើម ដែលជានិច្ចកាលតែងចូលរួមយ៉ាងសកម្ម៕