ប៉េអឹម ដកកាំភ្លើងបាញ់គម្រាម ប៉ូលីសដែលចុះសួរនាំរឿងជម្លោះក្នុងវង់ផឹកស៊ី


ដោយ:កវី/សៀមរាប៖ ប៉េអឹមម្នាក់ដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់មួយគ្រាប់គំរាមដល់មន្ត្រីនគរបាល ដែលចុះទៅសួរនាំរឿងលោកប៉េអឹមខាងលើនោះ មានទំ នាស់ពាក្យសម្តីនៅក្នុងវង់ស៊ីផឹក។
     ហេតុការណ៍ផ្ទុះអាវុធនៅកណ្តាលក្រុងនេះកើត ឡើងនៅវេលាម៉ោង២៣ និង០៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទីតាំងការ៉ាស់សាំង សូរិយា ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
      ជនផ្ទុះអាវុធមានឈ្មោះ អាង សែន ហៅ(ចិត្រ) មានតួនាទី  នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តសៀមរាប។
      ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅទីតាំងការ៉ាស់សាំងសូរិយា ក្នុងភូមិសង្កាត់ខាងលើ ដែលមានម្ចាស់ឈ្មោះយ៉ា ភេទស្រី អាយុប្រហែល៤០ឆ្នាំ មានការជួបជុំផឹកស៊ី ក្នុងនោះក៏មានលោកប៉េអឹមឈ្មោះ អាង សែន ហៅចិត្រ ចូលរួមដែរ។ ក្នុងពេលកំពុងស៊ីផឹក លោក អាង សែន និង បុរសម្នាក់ទៀតឈ្មោះ ហាត សុភា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានកើតទំនាស់ពាក្យសម្តីជាមួយគ្នា។ ភ្លាមនោះឈ្មោះហាត សុភា ក៏បានទូរស័ព្ទហៅ បក្ខពួកដែលជាមន្ត្រីនគរ បាលឲ្យមកជួយអន្តរាគមន៍។ ប្រភពបន្តថា ក្នុងខណៈដែលមន្ត្រីប៉ូលិសកំពុងសួរនាំរកហេតុផលបានបន្តិច ស្រាប់តែលោក អាង សែន បានដកកាំភ្លើងរបស់ខ្លួនចេញពីចង្កេះបាញ់ទាំងកំរោល ទៅលើដីដែលចាក់ សាបមុខផ្ទះបណ្តាលឲ្យខ្ទាតបំណែកថ្មត្រូវចំឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ រងរបួស ស្រាល។
      ប្រភពបន្ថែមថា ក្រោយពេលបាញ់ហើយ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ដោយបាននាំខ្លួនឈ្មោះ អាង សែន និងវត្ថុតាងយកមកទីបញ្ជាការដើម្បីធ្វើការសាក សួរនិងអនុវត្តតាមនីតិវិធី។
      ក្នុងករណីនេះ នៅមិនទាន់មានរបាយការណ៍របស់សមត្ថកិច្ចបង្ហាញអំពីវិធានការផ្លូវច្បាប់ណាមួយនោះឡើយ។
       ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឲ្យអ្នកសារព័ត៍មានដឹងថា នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង ដោយភាពយុត្តិធម៌ ៕