បាញ់ទៀតហើយ..បីថ្ងៃជាប់គ្នា កក្រើកក្រុងសៀមរាបទំនងជាស្វាគមន៍ស្នងការឡើងថ្មី

ដោយ:កវី/សៀមរាប៖ ក្នុងរយ:ពេលបីថ្ងៃនេះស្នូគ្រាប់កាំភ្លើងបានផ្ទុះឡើងជាប់ៗគ្នាកក្រើកក្រុងសៀមរាប តើនេះជាការបាញ់ស្វាគមន៍ស្នងការឡើងថ្មីឬយ៉ាង ណា? ត្បិតកន្លងមកហាក់មិនធ្លាប់មាននោះទេ។
     ករណីបាញ់បោះដោយសេរីលើកទីបីនេះ ត្រូវបានគេរាយការថា កើតឡើងនៅវេលាម៉ោង៣និង១០រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២១ នៅតំបន់ផាប់ស្ទ្រីតចំណុចហាងផឹកស៊ីយីហោ ថែមផល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
    សេចក្តីរាយការណ៍អោយដឹងទៀតថា ខ្មាន់កាំភ្លើងមានឈ្មោះ សៅ សោភ័ណ្ឌ ភេទប្រុស ជាមន្ត្រីនគរ បាលកងអន្តរាគមន៍ខេត្តសៀមរាបមាន(រហស្សនាមបញ្ញា ៦២) ក្រោយផ្ទុះអាវុធ ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតស្រាលធ្វើការសាកសួរ។
    សេចក្តីរាយការអោយដឹងទៀតថា នៅមុនកើត ហេតុ ខ្មាន់កាំភ្លើងបានទៅផឹកស៊ីនៅទីតាំងខាងលើ លុះពេលស្រវឹង ក៍ទាស់សំដីជាមួយជនរងគ្រោះដែលផឹកនៅទីនោះដែរ។ ខណ:ខ្មាន់កាំភ្លើងក៍បាញ់ទៅលើ
ជនរងគ្រោះឈ្មោះ ភាព ប៊ុណ្ណារិទ្ធិ ភេទប្រុសអាយុ ៣០ឆ្នាំមុខរបរជាងភ្លេីង រស់នៅភូមិសំរោងត្បូង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលអោយរងរបួស ហើយបញ្ជូនទៅសង្គ្រោះ។
     ទោះបីយ៉ាងណា មកទល់ល្ងាចថ្ងៃ៥ខែវិច្ឆិកានេះ នៅមិនទាន់មានរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់លំអិតអំពីហេតុការផ្ទុះអាវុធដែលបង្កអោយមានមនុស្សរងរបួសនេះទេ។
      សូមបញ្ជាក់ថា កាយពីយប់ថ្ងៃទី៣វិច្ឆិកា មានករណីផ្ទុះអាវុធ បង្កដោយខ្មាន់កាំភ្លើងជាមន្ត្រីប៉េអឹម លុះយប់ថ្ងៃទី៤វិច្ឆិកា មានករណីផ្ទុះអាវុធទៀតបង្ក ឡើងដោយខ្មាន់កាំភ្លើងជាមន្ត្រីយោធា ចំណែកយប់ថ្ងៃទី៥វិច្ឆិកានេះ ក៍មានករណីផ្ទុះអាវុធថ្មីទៀត បង្កដោយខ្មាន់កាំភ្លើងជាមន្ត្រីប៉ូលិស ហើយបាញ់មនុស្សអោយរងរបួស។ ប៉ុន្តែករណីខាងលើនេះ គេនៅមិន ទាន់ដឹងថា តើខ្មាន់កាំភ្លើងរូបណា អាចមានសំណាងរួចផុតពីពន្ធនាគារនោះទេ៕