អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារ ជួសជុលកំពែង ក្រុងអង្គរធំ (ខាងកើតខ្លោងទ្វារដីឆ្នាំង)

ដោយ:កវី/សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំងដែល ទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលដែលចាប់ដំណើរការពីខែមិនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង ៩០ភាគរយហើយ។

ដោយឡែក ការងារដែលនៅសេសសល់ ដូចជាការដាប់ខ្សែក្បាច់ក្បាលជញ្ជាំង កំពែងតាមលំនាំបុរាណ បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ ព្រមទាំងរៀបចំជើងទេររបស់ជញ្ជាំងកំពែង ឱ្យមានរបៀបរៀបរយ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានធ្វើការ ជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំង បានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕