អ្នកភូមិផ្ទុះការតវ៉ាពេលមន្ត្រីចុះវាស់វែង លើក្បាលដីដែលមានជម្លោះខុសភូមិឃុំ

ដោយ:កវី/សៀមរាប៖ អ្នកភូមិ តាកុះ ឃុំព្រះដាក់ និងភូមិ សណ្តាយ ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីជាច្រើននាក់ ក្នុងចំណោម១០១គ្រួសារ នៅព្រឹកថ្ងៃទី ១១ខែ វិច្ឆិកាឆ្នាំ២០២១នេះ បានផ្ទុះការតវ៉ា ពេលមន្ត្រីចុះវាស់វែងលើក្បាលដីដែលមានជម្លោះ តាមការស្នើសុំភាគីម្ខាងខុសទីតាំងដីដែលមានទំនាស់។
ក្នុងការតវ៉ានោះ ក្រុមអ្នកភូមិបានលើកឡើងថា ដីទំនាស់ខាងលើនេះ ផ្តើមចេញក្នុងពេលពលរដ្ឋ១០១គ្រួសារ ស្នើសុំកាត់ឆ្វៀលដីទំហ៊ំ៩៥.១២ ហិកតាចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគធ្វើជាដីឯក ជនរបស់រដ្ឋ និងធ្វើប្រទាន កម្មជាកម្មសិទ្ធិជូនពលរដ្ឋ ២៨គ្រូសារដែលតំណាង ដោយឈ្មោះ ទុយ ប៉ុយ.ស៊ុន លិម.ផូ ស៊ីផា។ ប៉ុន្តែក្នុងខណ:ពួកគាត់ស្នើសុំដូចបញ្ជាក់ខាងលើ ក៍មានឈ្មោះសួង សារ៉ាត់.លីផល្លា .សួង ស៊ីនួន.ឈុត កែវមនី តំណាងពលរដ្ឋ១២ នាក់ មកអះអាងថាដីនេះ ពួកគេមានបណ្ណ័កម្មសិទ្ធិចំនួន៣៧ និងមាន១បង្កាន់ដៃ លើផ្ទៃដី១៣០.៣៨ហិកតា ដែលដីនោះស្ថិតក្នុងដីដែលពួកគាត់ស្នើសុំកាត់ឆ្វៀល។


ប្រភពបន្តថា ក្រោយពីមនុស្ស៤នាក់តំណាង១២ នាក់អះអាងថាមានបណ្ណ័កម្មសិទ្ធិលើដីនេះ ពួកគេក៍ស្នើអោយមន្ត្រីចុះវាស់ក្បាលដីស្វែងរកព្រំ ដែលដីនេះស្ថិតក្នុងភូមិប្រិយ៍និងភូមិសណ្តាយ ក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ តែពេលមន្រ្តីចុះវាស់វែង បែជាវាស់ចូលដីក្នុងភូមិតាកុះ ឃុំព្រះដាក់ទៅវិញ ទើបពួក គាត់ផ្ទុះការតវ៉ាបែបនេះ។ ប្រភពបន្ថែមថា ពួកគាត់រស់នៅអាស្រ័យផលតាំងពីដូនតាមក មិនដែលមានអ្នកស្រុកក្រៅភូមិ មកអះអាងថាមានដីនៅទីនេះ ចុះហេតុអីនៅសុខៗក៏មានការចុះវាស់វែងក្បាល់ដី ដល់ក្នុងភូមិពួកគាត់បែបនេះ។ អីចឹងទេ ពួកគាត់ចាំបាច់ត្រូវប្រឆាំងការវាស់វែងបែបនេះ។


ចំណែកពលរដ្ឋ៣នាក់ តំណាងអោយ១០១គ្រួសារ បានអះអាងប្រហាក់ប្រហែលគ្នាថា ដីខាងលើនេះពួក គាត់កាន់កាប់មុនឆ្នាំ១៩៩៦ ហើយបានលក់ទិញទៅពលរដ្ឋផ្សេងទៀត ច្រើនលើកច្រើនសាចាប់ពីឆ្នាំ ២០០៤ ចុងក្រោយក្នុងឆ្នាំ២០១៩ បានលក់អោយឈ្មោះទុយ ប៉ុយ.ស៊ុន លិន.និងឈ្មោះផូ ស៊ីផា ដោយ មានការបញ្ជាក់ពីអាជ្ញាធរភូមិ.ឃុំនិងស្រុក រហូតមានការស្នើសុំកាត់ឆ្វៀលបែបនេះ។
ប្រភពបញ្ជាក់ថា តាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៦៣ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៣ខែសីហាឆ្នាំ ២០២១ បានសម្រេចកាត់ឆ្វៀលដីទំហំ៨០.២៧ហិកតា ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ផ្តល់កម្មសិទ្ធិអោយមកឈ្មោះ ទុយ ប៉ុយ.ស៊ុន លិន និងផូ ស៊ីផា។ ក្នុងថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ដដែល ទីស្តីការគណ:រដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹង ស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាល បដិ សេធចោលបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីមិនទាន់ចុះបញ្ជីនិងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លីផ្សេងៗទៀត ទុកជាអាសាបង់លើផ្ទៃដីដែល បានកាត់ឆ្វៀលខាងលើ។(ក្បាលដីលើបណ្ណ័ចំនួន៣៧និង១បង្កាន់ដៃ).។ តែមកទល់ពេលនេះម្ចាស់បណ្ណ័៣៧និង១បង្កាន់ដៃ នៅតែបន្តសុំអោយវាស់វែង ទើបមានហេតុការផ្ទុះការតវ៉ាបែបនេះ។


ជុំវិញហេតុការនេះ លោកឃឹម ហ្វីណង់ អភិ បាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរសព្ទ័ថា ក្នុងដីជម្លោះ ហើយតម្រូវអោយមានការដោះស្រាយ មន្ត្រីចាំបាច់ត្រូវចុះវាស់វែងដើម្បីស្វែងរកព្រំត្រឹមត្រូវ។ តែមិនមែនទៅកំណត់ថាជាដីបុគ្គលណាម្នាក់នោះទេ។ បើពលរដ្ឋរូបណាថាខ្លួនមានដីលើចំណុចវាស់វែង សូមភ្ជាប់ឯកសារមកដាក់ពាក្យប្តឹងនៅសាលាស្រុក។ ចំពោះការតវ៉ារបស់ពលរដ្ឋ គឺដោយសាពួកគាត់មិនយល់ពីផ្លូវ ច្បាប់។ តែយ៉ាងណា ក្រុមមន្ត្រីត្រូវតែវាស់វែងអោយបានរួចរាល់ទើបអាចដោះស្រាយ៕