អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាផ្ទៃក្នុងស្ដីពី ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ


ដោយ:កវី/សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀប ចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវ ភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។

មានមតិសំណេះសំណាល ក្នុងកម្មវិធីបើកសិក្ខា សាលាខាងលើ ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ បានលើកឡើងថា ឆ្លៀតឱកាសក្នុងវិបត្តិជំងឺកូវីដ១៩ជាបញ្ហាសាកលដែលបានបង្កផលពិបាកស្ទើរគ្រប់វិស័យ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ និងមានភាពមមាញឹកជាងពេលណាទាំងអស់ក្នុងកិច្ចការផ្សេងៗ ពិសេសការលើកកម្ពស់បរិស្ថានក្នុងតំបន់អង្គរ។ លទ្ធផលជាក់ស្តែង ឃើញថានៅបរិវេណមុខប្រាសាទអង្គរវត្ត ផ្លាស់ប្តូពីស្ថានភាពតូបលក់ដូរមិនមានរបៀបរៀបរយ មកជាមានការរៀប ចំបានស្អាត កែប្រែទីធ្លាគ្មានសណ្តាប់ធ្នាប់ ឱ្យក្លាយជាសួនច្បារស្រស់បំព្រង។

ឯកឧត្ដមរំលឹកថាដោយសារការខិតខំប្រឹងប្រែង តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនប័ត្រ ISO14001 ចំនួន៦ និងមោទកភាពបំផុតដែលសម្បត្តិបេតិកភណ្ឌពិភពលោក មានតែតំបន់រមណីយដ្ឋានអង្គរដែលទទួលបានស្តង់ដារ ISO14001នេះ៕