បណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្មតាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍


ដោយ:កវី/សៀមរាប៖ ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។

ភ្នាក់ងារទេសចរណ៍ដែលកំពុងធ្វើការជាប់ជាប្រចាំនៅតាមប្រាសាទ ក៏មានភារកិច្ចចូលរួមជាចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកជំនាញអភិរក្ស ពិសេសទាក់ទងនឹងការអភិរក្សថ្ម។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលអំពីការរៀបចំសណ្តាប់ធ្នាប់ថ្មនៅតាមប្រាសាទ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញជូនភ្នាក់ងារទេសចរណ៍ដើម្បីជាចំណេះដឹងផ្នែកជំនាញបច្ចេកទេស និងយល់ដឹងពីស្ថានភាពថ្មប្រាសាទទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅទីតាំងផ្ទាល់។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងនៅប្រាសាទព្រះគោ ដោយមានសិក្ខាកាមចូលរួមចំនួន២០រូប៕