ឆេះក្លឹបកំសាន្ដក្រោមដី នៅកណ្តាលក្រុងសៀមរាបសម្លាប់មនុស្ស៣នាក់


ដោយ:កវី/សៀមរាប៖ អគ្គិសភ័យបានឆាបឆេះក្លឹបកំសាន្តក្រោមដីមួយកន្លែងនៅកណ្តាលក្រុងសៀម រាបឈ្មោះថា  អេលិត បានសម្លាប់មនុស្ស៣នាក់និងរងរបួស១នាក់។
    ហេតុការណ៍បានកើតឡើងនាយប់ថ្ងៃទី១ខែឆ្នូឆ្នាំ២០២១ ស្ថិតនៅសង្កាត់ស្វាយដង្គុំក្រុងសៀមរាប ខេត្ដសៀមរាប ដោយសមត្ថកិច្ចអះអាងថា ឆ្លងចរន្ដអគ្គីសនី ខណៈដែលបុគ្គលិកកំពុងហាត់សមត្រៀមបើកដំណើរការឡើងវិញ។
     នៅក្នុងហេតុការណ៍នេះ លោកទៀ សីហា អភិ បាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប ក៏បានចុះទៅពិនិត្យ និងដឹកនាំផ្ទាល់ក្នុងការជួយសង្គ្រោះផងដែរ។
     លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា ក្លិបអេលិតនេះ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល៣ថ្ងៃមកនេះ បុគ្គលិកចាប់ធ្វើការសាកល្បង និងហាត់សមដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គីភ័យនេះតែម្តងទៅ។ លោកបញ្ជាក់ថា ករណីនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មាន ការឆ្លងចរន្តអគ្គីសនី ហើយបានយកបំពង់ពន្លត់អគ្គិស ភ័យបាញ់ពន្លត់ដែរតែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច។
     ដោយឡែកលោក ទៀ សីហា ក៍បានអោយដឹងដែរថា អគ្គីភ័យតែងតែកើតឡើងគ្រប់ពេលបើយើងមាន ការប្រហែស។  ក្លិបកម្សាន្តទាំងអស់មុននិងបើកឡើង វិញត្រូវ សហការជាមួយអាជ្ញាធរ ដើម្បីពិនិត្យមើលបច្ចេកទេសឱ្យបានសមស្រប ព្រោះឥឡូវនេះ ជាបញ្ហាមួយជាក់ស្តែងឃើញថា បុគ្គលិកមួយចំនួនបានមកធ្វើការតេស្តសាកល្បង តែមិនបានធ្វើឱ្យគ្រោះថ្នាក់កើតឡើងច្រើន ហើយបើសិនជាគាត់លួចបើក មានភ្ញៀវចូល មិនដឹងជាគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុនណ្ណា។
     ជាមួយគ្នានោះ សមត្ថកិច្ចក្នុងហេតុការណ៍ក៍បាន ឱ្យដឹងបន្ថែមថា ជនរងគ្រោះទាំង៤នាក់នេះ មាន-ទី១ ឈ្មោះ អ៊ឹង  ស៊ីម ភេទប្រុសអាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ  សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត(បានស្លាប់ពេលដឹកមកដល់ពេទ្យខេត្ត) ទី២ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស  អាយុ៤១ ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុលមុខរបរ DJ ក្លឹបអេលីត(កំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត) ទី៣ឈ្មោះ  ឈឿន  សំណាង  ភេទប្រុស អាយុ ២៦ឆ្នាំ  រស់នៅភូមិខ្នារ  សង្កាត់ជ្រាវ  ក្រុងសៀមរាប  ខេត្តសៀមរាប  មុខរបរអ្នកចំរៀង បានស្លាប់ និងទី៤ឈ្មោះ  ធី  មេសា  ហៅក្រៅ  ចិត្ត  ភេទប្រុស  មុខរបរសន្តិសុខ   អាយុ ៣៦ឆ្នាំ  រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ  ក្រុងសៀម រាប ខេត្តសៀមរាប ស្លាប់។
    សមត្ថកិច្ចបានបន្ថែមថា អគ្គីភ័យនេះកើតឡើង ខណៈដែលក្រុមបុគ្គលិកក្លឹបបាននាំរៀបចំ ដើម្បីបើកដំណើរការឱ្យភ្ញៀវចូលលេងកំសាន្ដឡើងវិញ ប៉ុន្ដែជាអកុសលស្រាប់តែឆ្លងចរន្ដអគ្គីសនីបណ្ដាលឱ្យមានការឆាបឆេះនិងសម្លាប់មនុស្ស។  ប៉ុន្ដែមិនបណ្ដាលឱ្យភ្លើងឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេៗនៅក្បែនោះទេ ដោយសារមានការអន្ដរាគមន៍ឡានទឹក ទាន់ពេល ។ ក្លឹបកំសាន្ដក្រោមដីនេះ មាន ឈ្មោះ ELIT Club Party ប៉ុន្ដែដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតវិញ ៕