កាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទតាកែវ


ដោយ:កវី/សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៩ដើម ដែលមានហានិភ័យខ្ពស់។ ការងារនេះ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងយានយន្តគ្រប់ប្រភេទ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ព្រមទាំងបង្ការកុំឱ្យបាក់ធ្លាក់មែកមកលើរចនាសម្ពន្ធប្រាសាទ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាប្រាសាទនេះផង។

ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមពពាលខែងាប់១ដើម គគីរងាប់១ដើម អាទិត្យងាប់១ដើម ស្លែង១ដើម និងដូនកាយ១ដើម។ ចំណែកឯដើមឈើដែលបាន កាត់ក្រីមានចំនួន១៤ដើមរួមមាន ឈើទាល១០ដើម ស្រឡៅ២ដើម សិរមាន់១ដើម និងក្រឡាញ់១ដើម ត្រូវបានកាត់ក្រីមែករស់ និងមែកងាប់ចំនួន៤៩មែកចេញ ដើម្បីជួយសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ ព្រមទាំងឱ្យមានសោភ័ណភាពស្រស់ស្អាតផង៕