កក្រើកខេត្តព្រះវិហារ ប៉ូលិសសេដ្ឋកិច្ចនិងទាហានដឺបេ ដើរចាប់ត្រាក់ទ័រអ្នកភូមិជំរិតទារប្រាក់រាប់ពាន់ដុល្លារ


ដោយ:កវី/ព្រះវិហារ៖កក្រើកពេញឃុំស្រយ៉ង់ ស្រុកគូលែន នៃខេត្តព្រះវិហារ ត្រឹមតែរយ:ពេល៧ថ្ងៃសោះប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រីទាហានដឺបេ រួមទាំងបក្ខពួក ដើរចាប់ត្រាក់ទ័រអ្នកភូមិភ្ជួរដីដាំដំឡូងជំរិតទារលុយរាប់ពាន់ដុល្លារ។
    ក្រុមអ្នកភូមិដែលកំពុងអាស្រ័យផល ដាំដំឡូងក្នុងភូមិសាស្ត្រឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត ព្រះវិហារ បានអោយដឹងថា បន្ទាប់ពីក្រុមហ៊ុនសិលាដាម៉ិចបោះបង់ដីរបស់ខ្លួនចោល(ក្ស័យធុន)ពួកគាត់ឃើញដីនៅទំនេរក៍នាំគ្នាសុំជួលពីមេការឈ្មោះសារឿន និងឈ្មោះធីដែលជាតំណាងក្រុមហ៊ុន ដើម្បីដាំដំឡូងជាបណ្តោះ អាសន្ន រយ:ពេលអត់កំណត់ ក្នុង១ហិកតាពី៦០ម៉ឺនរៀលរហូត៨០ម៉ឺនរៀលតាមសណ្ឋានដី អ្នកខ្លះជួលដាំ២ទៅ៣ហិកតា ឯខ្លះទៀត៤ទៅ ៥ហិកតា។ ការភ្ជួរដីអាស្រ័យផលជាបណ្តោះអាសន្ននេះ មានរយ:ពេល ២ទៅ៣ឆ្នាំមកហើយ មិនដែលមានខាងក្រុមហ៊ុនឬសមត្ថកិច្ចណាមករារាំងនោះទេ ព្រោះថារដ្ឋមិនទាន់ត្រូវការ ប៉ុន្តែពួកគាត់នឹងប្រគល់ជូនរដ្ឋវិញ ប្រសិនបើមានសេចក្តីប្រកាសណាមួយ។
    ក្រុមអ្នកភូមិបានអោយដឹងទៀតថា កាលពីអំឡុងពេលជិត១ខែមុនឈ្មោះម៉ៅ ដេវិន បានអះអាងថាខ្លួនជាប៉ូលិសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ និងឈ្មោះព្រាប ធឿត អះអាងថាខ្លួនជាទាហានដឺបេមានស្នាក់ការក្នុងខេត្តព្រះវិហារ រួមទាំងបក្ខពួកពីរនាក់ទៀត បានចុះទៅចាប់ត្រាក់ទ័រអ្នកភូមិម្នាក់ឈ្មោះចិនដែលកំពុងភ្ជួរដីដាំដំឡូងក្នុងភូមិសាស្ត្រក្រុមហ៊ុនសិលាដាម៉ិច ហើយទាមទារលុយ៣០០០ដុល្លារជាការមិនបញ្ជូនទៅតុលាការ។ ប៉ុន្តែដោយការភ័យខ្លាច ម្ចាស់ត្រាក់ទ័របានអង្វរសុំសល់ត្រឹមតែ៨០០ដុល្លារ។
      នៅថ្ងៃទី២៦ខែ វិច្ឆិកាឆ្នាំ២០២១ ក្រុមសមត្ថកិច្ចខាងលើធ្វើដំណើរដោយរថយន្តធុនមួយបាំងកន្លះពណ៌ត្រេអ៊ីគ្មានផ្លាកលេខចំនួន២គ្រឿង បានចុះទៅចាប់ត្រាក់ទ័រដែលកំពុងភ្ជួរដី២គ្រឿង ដោយទាមទារលុយ ៣០០០ដុល្លារទៀតទើបមិនបញ្ជូនទៅតុលាការ ហើយនៅទីបំផុតក៏សម្រួលគ្នាសល់ត្រឹម៧០០ដុល្លារ។ លុះម៉ោងប្រហែលជាង១០ព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២១ នេះ ក្រុមសមត្ថកិច្ចដដែលបានបើករថយន្តពណ៌ត្រេអ៊ីចូលទៅទារលុយម្ចាស់ត្រាក់ទ័រម្នាក់ទៀតឈ្មោះ ពៅ ដែលចតក្នុងខ្ទម ដោយចោទថាត្រាក់ទ័រនឹងគង់តែភ្ជួរដីដដែលទេ។ លុះពេលម្ចាស់ត្រាក់ទ័រដែលចតក្នុងខ្ទមមិនមានលុយអោយ ពួកគេក៏ទៅចាប់ត្រាក់ទ័ររបស់ឈ្មោះចិន ដែលខូចនៅលើដងផ្លូវ យកទៅកាន់ស្នាក់ការមេព្រៃខេត្តព្រះវិហារតែម្តង។
      ក្នុងករណីនេះម្ចាស់ត្រាក់ទរ័ដែលរងការចាប់ចងពីក្រុមសមត្ថកិច្ចខាងលើ បានប្រាប់អ្នកសារព័ត៏មានថា រូបគាត់កំពុងរៀបចំដាក់ពាក្យបណ្តឹងប្តឹងក្រុមសមត្ថ កិច្ចខាងលើទៅតុលាការនៅថ្ងៃចន្ទ័ខាងមុខនេះ ត្បិតត្រាក់ទ័ររបស់គាត់ខូចលើដងផ្លូវហើយពួកគេមករឹបអូសទាំងកំរោលបែបនេះ។
        ជាមួយនិងហេតុការណ៍ខាងលើ ក្រុមអ្នកភូមិនៃឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានលើក ឡើងថា តើពួកដើរជំរិតទារប្រាក់ខាងលើ ជាសមត្ថកិច្ចខាងណាពិតប្រាកដ។ បើជាសមត្ថកិច្ចពិតមែន ហេតុអីក៏នាំគ្នាមកជំរិតទារប្រាក់ជាបន្តបន្ទាប់បែបនេះ ម្តេចក៏មិនចេញសេចក្តីប្រកាសហាមដាំដុះលើដីក្រុមហ៊ុន។
      ក្រុមអ្នកភូមិទទូចសុំអោយថ្នាក់លើបើកការស៊ើប អង្កេតចំពោះមនុស្សមួយក្រុមដែលដើរជំរិតទារប្រាក់រាប់ពាន់ដុល្លារពីពួកគាត់(អ្នកភូមិ)ពីព្រោះថាទង្វើនេះកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង។ ដោយពួកគាត់រំពឹងថា ថ្នាក់លើឬមេអង្គភាព និងចាត់វិធានការទៅលើក្រុមសមត្ថកិច្ចដែលដើរជំរិតទារប្រាក់ខាងលើ ហើយផ្តល់ភាពកក់ក្តៅដល់ពួកគាត់វិញជាក់ជាមិនខាន៕ រូបភាព៖ ត្រាក់ទរ័ដែលរងការចាប់ជំរិតទារប្រាក់ពីក្រុមសមត្ថកិច្ចខាងលើ និងរថយន្តពណ៍ត្រេអ៊ីដែលក្រុមខាងលើប្រើប្រាស់ក្នុងការជំរិតទារប្រាក់ពីអ្នកភូមិ។