អ្នកភូមិស្រយ៉ង់៖លិខិតបំភ្លឺរបស់ប៉ូលិសសេដ្ឋកិច្ចក្រសួងនិងទាហ៊ានដឺបេ គ្រាន់ជាការបំភ័នភ្នែកមហាជនប៉ុណ្ណោះ


ព្រះវិហារ៖អ្នកភូមិស្រយ៉ង់ នៃខេត្តព្រះវិហារបានអះ អាងថា ការចេញលិខិតបកស្រាយបំភ្លឺរបស់ប៉ូលិសសេដ្ឋកិច្វក្រសួងមហាផ្ទៃឈ្មោះម៉ៅ ដាវិន និងទាហ៊ានដឺបេឈ្មោះព្រាប ធឿត វាគ្រាន់តែជាការបំភ័នភ្នែកថ្នាក់លើនិងភ្នែកមហាជនតែប៉ុណ្ណោះ។
     ការអះអាងរបស់អ្នកភូមិគឺបន្ទាប់ពីប៉ូលិសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃនិងទាហ៊ានដឺបេ ចាប់ត្រាក់ទ័រអ្នក ភូមិហើយទារលុយ៣០០ដុល្លារ កាលពីម៉ោងជាង ១០ ព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២១នៅចំណុចអតីតក្រុម ហ៊ុនសីលាដាមិុច ក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លុះម្ចាស់ត្រាក់ទ័រមិនមានលុយអោយក៍រឹបអូសយកទៅទុកនៅមន្ទីរកសិកម្មខេត្ត។
    លិខិតបំភ្លឺចុះថ្ងៃទី០៥ខែធ្នូឆ្នាំ២០២១ មានខ្លឹមសាថាខ្ញុំបាទឈ្មោះម៉ៅ ដាវិន ភេទប្រុសអាយុ៤០ឆ្នាំជាមន្ត្រីនគរបាលជាតិនិងឈ្មោះព្រាប ធឿត ភេទប្រុសអាយុ៥១ឆ្នាំជាមន្រ្តីយោធា។ យើងខ្ញុំទាំងអស់គ្នាសូមបំភ្លឺដល់សាធារណ:ជន ចំពោះករណីសារព័ត៌មានក្នុងស្រុកដែលបានផ្សព្វផ្សាយថា មានករណីប៉ូលិសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃនិងទាហ៊ានដឺបេដើរចាប់ត្រាក់ទ័រអ្នកភូមិជំរិតទារប្រាក់រាប់ពាន់ដុល្លារនៅខេត្តព្រះវិហារ វាជារឿងមិនពិតទាល់តែសោះ។
   បន្ទាប់ពីមានលិខិតខាងលើបង្ហាញជាសាធារណ: នៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០២១នេះ ម្ចាស់ត្រាក់ទ័រដែលរងការចាប់ចងឈ្មោះចិន បានផ្តល់បទសម្ភាសន៍ថា កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២១ ខ្លួនកំពុងជួសជុលត្រាក់ទ័រដែលខូចលើដងផ្លូវ ខណ:នោះក្រុមសមត្ថកិច្ចខាងលើបានបើលឡានពណ៌ត្រេអ៊ីុគ្មានផ្លាកលេខទៅ ដល់ហើយនិយាយថា ឯងបើកត្រាក់ទ័រលើដីរដ្ឋយើងត្រូវតែចាប់ព្រោះទីនេះជាកន្លែងក្រុមហ៊ុន។  ក្រោយសមត្ថកិច្ចខាងលើនិយាយបែបនេះ ខ្លួនក៍បានសួរទៅ វិញថា ត្រាក់ទ័រខ្ញុំមិនបានធ្វើអ្វីខុសនោះទេ គ្រាន់តែឈប់លើផ្លូវតើខុសអី? ពេលនោះក្រុមសមត្ថកិច្ចបានដកយកសោរត្រាក់ទ័ររបស់ខ្លួនតែម្តង។
   ម្ចាស់ត្រាក់ទ័រឈ្មោះចិន អោយដឹងទៀតថា ក្នុងពេលកំពុងនិយាយគ្នា ឈ្មោះក្រុមសមត្ថកិច្ចខាងលើ និយាយថាឯងត្រូវដោះស្រាយ៣០០០ដុល្លារ បើមិនចឹងទេនឹងចាប់ត្រាក់ទ័រនេះបញ្ជូនទៅតុលាការ។ តែដោយការទាមទារប្រាក់ច្រើនខ្លួនមិនអាចដោះស្រាយ ក៍ហៅពូឈ្មោះហង្ស ប៊ុនធឿន អោយមកជួយនិយាយ ដោះស្រាយ។ លោកចិនបញ្ជាក់ថា បន្ទាប់ពីពូឈ្មោះហង្ស ប៊ុនធឿន មកជួយដោះស្រាយមិនត្រូវគ្នា រូបគេនិងពូក៍នាំគ្នាទៅហូបបាយ ពេលត្រឡប់មកវិញក្រុមសមត្ថកិច្ចខាងលើបានយកត្រាក់ទ័ររបស់ខ្លួនទៅបាត់. ករណីនេះលោកចិនបញ្ជាក់ថា ខ្លួននឹងប្តឹងទៅតុលា ការ ដើម្បីអោយច្បាប់ជួយដោះស្រាយ និងមានវិធាន ការទៅលើក្រុមសមត្ថកិច្ចដែលជំរិតទារប្រាក់ពីខ្លួន ៣០០០ដុល្លារ។
      នៅរសៀលថ្ងៃដដែល ក្រុមអ្នកភូមិក៍បានបរិយាយទៀតថា កាលពីអំឡុងជាង១ខែមុនក្រុមសមត្ថកិច្ចខាងលើបានចាប់ត្រាក់ទ័រអ្នកភូមិ១គ្រឿងទារប្រាក់ ៣០០០ដុល្លារ ហើយសម្រួលគ្នានៅសល់ត្រឹម៨០០ ដុល្លារ។លុះថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១នេះចាប់ត្រាប់ត្រាក់ទ័រ២គ្រឿងទៀតទារប្រាក់៣០០០ដុល្លារទៀត ហើយសម្រួលគ្នាសល់ត្រឹម៧០០ដុល្លារ។ នេះជាករណីពិតប្រាកដ មិនមែនដូចលិខិតបំភ្លឺរបស់ពួកគេថាព័ត៌មានមិនពិតនោះឡើយ។ ករណីទាំងនេះ ពួកយើងជាពលរដ្ឋ ស្នើសុំទៅស្ថាប័នច្បាប់ ជាពិសេសមេអង្គភាព សូមមេត្តាស្រាវជ្រាវ និងមានវិធានការ បើមិនដូច្នេះទេ ក្រុមបុគ្គលទាំងនេះនៅតែដើរជំរិតទារប្រាក់ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិស្រយ៉ង់ទៀតជាក់ជាមិនខាន៕ រូបភាព៖ ត្រាក់ទ័រអ្នកភូមិដែលរងការចាប់ទាប្រាក់ និងរថយន្តគ្មានផ្លាកលេខរបស់ក្រុមចាប់ត្រាក់ទ័រទារលុយ និងរូបទាហ៊ានដឺបេឈ្មោះព្រាបធឿតនិងម៉ៅដាវិន។