អាជ្ញាធរអប្សរា ប្រារព្ធពិធី រំលឹកគុណអង្គរ សម្រាប់កូន ខ្មែរឈ្វេងយល់ពីកិច្ចការគាំពារប្រាសាទបុរាណ


ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងប្រារព្ធពិធី”រំលឹកគុណអង្គរ” ដែលមានរយៈពេល៥ថ្ងៃ ដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ ក៏ដូចជាប្រាង្គប្រាសាទបុរាណទាំងអស់ ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិនាពេលនេះ។

     លោកឡុង កុសល អគ្គនាយករង និងជាអ្នកនាំ ពាក្យ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះថា ពិធីរំលឹកគុណអង្គរនេះ គ្រោងនឹងធ្វើឡើងនៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២២ តទៅ។ លោក បន្តថា ពិធីដឹងគុណអង្គរ ធ្វើឡើង ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វ ការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន។
      ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្ហាញពីសមិទ្ធផល ការ ងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ក្នុងបំណងដើម្បីកិច្ចការអភិរក្សប្រាសាទ ដែលជាមរតកដ៏សំខាន់សម្រាប់ប្រជាជាតិយើង។
    លោក បានបន្ដថា ព្រឹត្តិការណ៍នេះ ក៏នឹងបើកឱ កាសដល់សាធារណជន អាចចុះឈ្មោះ ដើម្បីទស្សនកិច្ចស្វែងយល់នៅតាមការដ្ឋានការងារជួស ជុលប្រាសាទនានាដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផងដែរ។ សាធារណជន អាចដឹងកាន់តែច្បាស់ពីកិច្ចការងារទាំងនោះ និងគោលបំណងលើការ ងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកប ដោយនិរន្តរភាព។  នៅក្នុងពិធីរំលឹកគុណអង្គរនេះ ក៏មានការរៀបចំឱ្យមានការរៀបចំបង្ហាញពីពិធីសាសនា សម្ដែងសិល្បៈ ល្ខោននបាសាក់ ល្ខោនស្បែកធំ វប្ប និងមានការតាំងពិព័ណ៌ស្នាដៃផ្សេងៗ ដែលកូនខ្មែរបានធ្វើកន្លងមក៕