អាជ្ញាធរជាតិអប្សរា បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ


ដោយ:កវី/សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១នេះ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ។
      ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្ត សៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ក្រៅពីពិធីបួងសួងដែលជាពិធីសាសនាដ៏ធំមួយនៅបរិវេណមុខប្រាសាទអង្គរវត្ត ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញសាធារណជនចូលរួមក្នុងពិធី រាប់ បាត្រឱ្យបានច្រើនកុះករ។

សូមជម្រាបថា ពិធី”រំលឹកគុណអង្គរ”មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី៕