ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រកាសបើកជាផ្លូវការ នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត


ដោយ:កវី/សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១នេះ ពិធីបួងសួងនៅបរិវេណមុខស្ពានហាលប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍«រំលឹកគុណអង្គររ»ត្រូវបានប្រកាសបើកជាផ្លូវការ។
    ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក ជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងអាជ្ញាធរជាតិ តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា ព្រះសង្ឃ មន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ ព្រមទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិយ៉ាង ច្រើនកុះករ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថាពិធីបុណ្យ «រំលឹកគុណអង្គរ»ប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជា ដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ០១នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់០១ដងក្នុងមួយឆ្នាំ ហើយចង់មកថែមទៀត។

លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅបានក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសមានសុខសន្តិភាព នឹងឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ។ លោកជំទាវបន្តថា ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

លោកជំទាវបន្តទៀតថា ព្រឹត្តិការណ៍នេះ ពិតជារំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្ត ៥លានរៀល សរុបចំនួន ៤៥លានរៀល ដើម្បីចូលរួមចំណែកក្នុងការជួសជុលព្រះពុទ្ធរូបនៅប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គផងដែរ។

សូមជម្រាបថា ពិធី«រំលឹកគុណអង្គរ»មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រីជាដើម៕