ចុះដកបង្គោលរបងថ្មដែលជនល្មើសលួចចូលទៅដាំក្នុងត្រពាំងបុរាណពេលយប់


ដោយ:កវី/សៀមរាប៖ ក្នុងខណ:ដែលអាជ្ញាធរ កំពុងកែប្រែត្រពាំងបុរាណ ឈ្មោះ ត្រពាំងហែផ្កា ឲ្យក្លាយទៅជារមណីយដ្ឋាន ក៍ស្រាប់តែពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានជនល្មើសលួចដឹកបង្គោល របងថ្ម ទៅដាំក្នុងក្នុងត្រពាំងបំណងរំលោភយកដីធ្វើជាកម្មសិទ្ធិ។
    ជាមួយគ្នានោះ អាជ្ញាធរសង្កាត់ សហការណ៍ ជា មួយអាជ្ញាធរក្រុង និងអាជ្ញាធរអប្សរាចុះទៅដកចេញហើយស្រាវជ្រាវរកមុខជនល្មើសដើម្បីប្តឹងទៅតុលាការ។
     លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែធ្នូនេះថា បន្ទាប់ពីមានសេចក្តីរាយការ ណ៍នេះ លោកបានសុំគោលការណ៍ពីរដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការដកបង្គោលនេះយកមករក្សាទុក នឹងស្វែងរកជនល្មើស។ លោកបន្តថា ត្រពាំងបុរាណ ឈ្មោះ ហែផ្កា នេះជាបុរាណដ្ឋាន និងជាអតីតទីក្រុងរណបអង្គរតាំងពីបុរាណមក ហើយត្រពាំងនេះ ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។  តាំងពីដើមរៀងមក អាជ្ញាធរសង្កាត់មិនដែលបានបែងចែកដីត្រពាំងហែផ្កានេះ ឲ្យប្រជាពលរដ្ឋយកធ្វើជាកម្មសិទ្ធិនោះទេ គឺគ្រាន់តែឲ្យពួកគាត់អាស្រ័យផលប៉ុណ្ណោះ។ ត្រពាំងនេះជាត្រពាំងដូនតា ដូច្នេះទើបលោកមានបំណងចង់រក្សាវាទុក និងកែប្រែអោយក្លាយជារមណីយដ្ឋានទេសចរណ៍ ដែលអាចឲ្យប្រជាពលរដ្ឋស្វែងរកកម្រៃបានពីតំបន់នេះ អី ចឹងទេ ត្រូវរក្សាតែការពារ។
        លោកចៅសង្កាត់បន្ថែមថា ត្រពាំងហែផ្កា ស្ថិត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវក្រុង សៀមរាប មានផ្ទៃដីប្រមាណជា៦ហិកតា និងមានមាត់ត្រពាំងទទឹង៥០ម៉ែត្រព័ទ្ធជុំវិញ។ ត្រពាំងបុរាណនេះនឹងត្រូវជីកស្តារជម្រៅបីម៉ែត្រ និងចាក់បំពេញមាត់ត្រពាំង ដើម្បីរៀបចំជារមណីដ្ឋានទេសចរណ៍ ដែលកិច្ចការនេះអាជ្ញាធរគ្រោងនឹងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះជនល្មើសដែលហ៊ានលួចចូលទៅបោះបង្គោលរបងថ្ម ក្នុងបំណងរំលោភយកដីត្រ ពាំងកាន់កាប់ជាកម្មសិទ្ធិ យើងនៅមិនទាន់រកមុខឃើញនោះទេ តែលោកបានសុំគោលការណ៍ ទៅថ្នាក់ លើរួចហើយក្នុងការវែកមុខដើម្បីប្តឹងទៅតាមផ្លូវច្បាប់ ៕