អាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីថ្ងៃទី២១ ដល់២៣ ខែធ្នូ ឆ្នាំ២០២១។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ចូលរួមជាកិត្តិយស។

ឯកឧត្តម សុខ លក្ខិណា បានបញ្ជាក់ពីគោលបំណងនៃការបើកសវនកម្មផ្ទៃក្នុងថា ដើម្បីត្រៀមលក្ខណៈ និងត្រួតពិនិត្យឡើងវិញនូវអ្វីជាភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចល្អប្រសើរនៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិអប្សរានាដើមឆ្នាំ២០២២ខាងមុខនេះ។

ការធ្វើសវនកម្មផ្ទៃក្នុងដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវភាពអនុលោមជាប្រចាំរបស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ជាពិសេសការអនុវត្តជារួមនៅក្នុងនាយកដ្ឋាននីមួយៗ ឆ្លើយតបទៅនឹងផែនការរបស់ខ្លួន និងស្របតាមអ្វីដែលស្តង់ដារតម្រូវឱ្យអនុវត្ត។ សូមបញ្ជាក់ថាពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនប័ត្រ ISO14001-2015 ចំនួន៦ រួចមកហើយ៕