នឹងបញ្ចប់ការជួសជុលសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តនាដំណាច់ឆ្នាំ ២០២១


ដោយ:កវី/សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលសសរចំនួន២៣ក្នុងចំណោមសសរចំនួន៨៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយ សារធម្មជាតិនិងអាយុកាលយូរឆ្នាំ ហើយការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា កត្តាដែលធ្វើឱ្យសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តពុកផុយ គឺបណ្ដាលមកពីស្លែល្អិតៗដែលបង្កើតបានទៅជាបាក់ តេរី និងកត្តាបង្កដោយសារធាតុគីមីហើយបំលែងទៅ ជាអាស៊ីដ រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀត។

លោក សុភារិន្ទ បន្ថែមទៀតថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា២ដំណាក់កាលគឺ ដំណាក់កាលទី១ បាន ជួសជុលចំនួន១២សសរ ដោយចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ និងដំណាក់កាលទី២ បាន ជួសជុលចំនួន១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១
នៅរាល់មុនពេលចាប់ផ្តើមជួសជុល គឺក្រុមអ្នកជំនាញតែងតែប្រើឧបករណ៍ធ្វើតេស្តរកជាតិអំបិលដែលជាប្រភពនៃការបំផ្លាញសសរ បន្ទាប់មក ក្រុមអ្នកជំនាញបានប្រើប្រាស់ឧបករណ៍ ទែកម៉ូក្រាហ្វី (The rmog raphy) ដើម្បីថតស្កេនលើសសរទាំងឡាយដើម្បី រកមើលកម្រិតសំណើមក្នុងសសរនីមួយៗ ហើយ ក៏ប្រើឧបករណ៍ អ៊ុលត្រាសោន (Ultrasound) ដើម្បីថតផ្ទៃខាងក្នុងរបស់ថ្មដើម្បី ចង់ដឹងពីភាពពុកផុយរបស់វាកំរិតណាដែរ៕