ដោះលែងសត្វស្លាប៣ប្រភេទ និងទោចមកុដ១គូ ក្នុងព្រៃធម្មជាតិឧទ្យានអង្គរ


ដោយ:កវី/សៀមរាប៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance  បានដោះលែងសត្វស្លាប៣ប្រភេទចំនួន១៤ក្បាល។ 
     សត្វស្លាបដែលបានដោះលែង រួមមាន សត្វក្ងោក (Peafowl)ចំនួន៤ក្បាល(ឈ្មោល៣ ញី១) សត្វកេងកងធំ(Great Hornbill) ចំនួន៦ក្បាល (ឈ្មោល៥ ញី១) និងសត្វព្វាំង(Wreathed Hornbill) ចំនួន៤ក្បាល(ឈ្មោល)  ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ បានយកមកផ្សាំងក្នុងទ្រុងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
     ចំណែកសត្វទោចមកុដ១គូ(Pileated Gibbon) ដែលជាគូចុងក្រោយ និងបានយកមកផ្សាំងក្នុងទ្រុងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក៍ត្រូវបានដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរដែរ។ ក្នុងពេលជាមួយគ្នានោះ អង្គការ ACCB ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ Wildlife Alliance ក៏បាននាំយកសត្វក្ងោក៤ក្បាល មកដោះលែងក្នុងពេលនោះដែរ(Hard releasing)។

ចាប់តាំងពីឆ្នាំ២០១៣ មកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា សត្វទោចមកុដ(Pileated Gibbon) ចំនួន១៣ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red Muntjac)ចំនួន៤ក្បាល សត្វស្វាព្រាម(Silvered Langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm Civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated Otter) ចំនួន៥ក្បាល(កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធា រណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕