បញ្ជូនខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ទៅតុលាការ


ដោយ:កវី/សៀមរាប៖ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ បានបញ្ជូនមេខ្យល់នាំពល ករឆ្លងដែនខុសច្បាប់ម្នាក់ទៅតុលាការ។
    លោកស្រីឧត្តមសេនីយ៍ត្រីដួង ថាវរី ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនិងការពារអនី តិជនខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យមានឈ្មោះវាន វិក ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំ នៅ ភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្ត សៀមរាប។ ជននេះបានឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តាមបញ្ជាតំណាងអយ្យការអមសាលាដំបូងខេត្ត សៀមរាប ក្នុងគ្រាសមត្ថកិច្ចនគរបាលចរាចរណ៍ត្រួត ពិនិត្យរថយន្ត ហើយប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញា។
    លោកស្រីស្នងការរងអោយដឹងទៀតថា ដំណើររឿងកាលពីដើមខែមិថុនាឆ្នាំ២០២១ ជនសង្ស័យបាននាំពលករចំនួន១២នាក់ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ និងបានដឹកដោយរថយន្តផ្ទាល់ខ្លួនរបស់ជនសង្ស័យ ហើយត្រូវសមត្ថកិច្ចព្រំដែនចាប់បញ្ជូនក្រុមពលករមកខេត្តសៀមរាបវិញ។ ក្នុងពេលបន្ទាប់សមត្ថកិច្ចជំនាញបានកោះហៅជនសង្ស័យមកសាក សួរ តែជននេះបានគេចខ្លួនរហូត។ តែនៅថ្ងៃទី ៣០ ខែធ្នូនេះក៍ត្រូវបានចាប់ខ្លួនតែម្តង។
    លោកស្រីដួង ថាវរី បន្ថែមថា ចំពោះពលករទាំង ១២នាក់បានឆ្លើយដូចគ្នាថា ការដែលជនសង្ស័យឈ្មោះវាន វិក នាំទៅធ្វើការនៅប្រទេស ថៃ គេយកសេវាក្នុង១នាក់៦០០០បាត តែពុំមានឯកសារឆ្លងដែនស្របច្បាប់ទេ។ ឯការដឹកជញ្ជូនតាមរថយន្តសាំយ៉ុងពណ៌ សរ១៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2U ៥២ ៣៦ ជាកម្មសិទ្ធិរបស់ឈោ្មះ វាន វិក។
      ចំណែកជនសង្ស័យឈ្មោះ វាន វិក បានឆ្លើយសារភាពថាៈ ខ្លួនបានប្រកបមុខរបរ បើកឡានតាក់ស៊ីនេះចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ គោលដៅដែលដឹកអ្នកដំណើរគឺ អង្គរជុំ ទៅ ស្វាយ, សំឡូត និង តាម ផ្លូវបន្ទាត់ព្រំដែនខ្មែរ-ថៃ ហើយក្នុងចំនួនពលករដែលសមត្ថកិច្ចព្រំដែនច្រកចំការគរ បញ្ជូនមកខេត្តសៀម រាប ចំនួន ១២នាក់ គឺខ្លួនបានទទួលស្គាល់ ចំនួន ០៥នាក់ ក្នុងនោះ គឺស្គាល់ម្នាក់ ឈ្មោះ ឆាង ងាន ភេទ ស្រី ដែលខ្លួនពិតជាបានដឹកឆ្លង ដែនទៅធ្វើការក្នុង ទឹកដីប្រទេសថៃ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១ ពិតមែន។  ថ្លៃដឹកជញ្ជូនគឺខ្លួនពិតជាបានយកម្នាក់ ៦០០០បាត តែមិនទាន់ បានយកទ គឺពេលដល់គោលដៅទើបខ្លួនទូទាត់ជាមួយថៅកែថៃ ហើយពលករធ្វើការ កាត់សងតាមក្រោយ។
     ជនសង្ស័យ បានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២១ ដោយចោទពីបទ ការនាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ និង ករណ៏ដឹកជញ្ជូនដោយមានគោលដៅ៕