អាជ្ញាធរច្រានចោលការចោទថា ចាក់ដីលុបត្រពាំងបុរាណពុះជាឡូត៍ចែកគ្នា


ដោយ:កវី/សៀមរាប៖អាជ្ញាធរសង្កាត់ជ្រាវ បានអះ អាងថា មិនមានការចាក់ដីលុបត្រពាំងបុរាណ ហើយពុះជាឡូត៍ចែកគ្នា ដូចការចោទប្រកាន់របស់បុគ្គលនោះឡើយ ព័ត៌មាននេះលោកសុំច្រានចោលទាំង ស្រុង។
     លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២២ថា ទីតាំងដែលបានចាក់ដីលុប គឺជារណ្តៅដែលគណ:កម្មការភូមិជីកយកអាចម៍ដីទៅចាក់ធ្វើផ្លូវ តាំងពីឆ្នាំ២០០៩មកម្លេះ។រណ្តៅដែលជីកនោះមានទំហ៊ំ២១គុណ៥២ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្ត សៀមរាប រ៉បផ្លូវគ្រួសក្រហម ត្រង់ចំណុចខាងត្បូងត្រពាំងបុរាណឈ្មោះ(ហែផ្កា)។ លោកបន្តថា ការចាក់លុបរណ្តៅដីខាងលើ គឺដើម្បីរៀបចំផ្តល់ជាទីតាំងដល់ពលរដ្ឋ៨គ្រួសារដែលរងផលប៉ះពាល់ពីការជីកស្តារត្រពាំងហែផ្កា សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ទម្រាំថ្នាក់លើរកទីតាំងដោះដូរដល់ពួកគាត់ជាផ្លូវការ។
     លោកចៅសង្កាត់បញ្ជាក់ថា ការចាក់លុបរណ្តៅដីខាងលើនេះ ក៍មានការចូលរួមសហការណ៍ពីប្រជា ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនផងដែរ អីចឹងទេសូមសាធារណ:ជនកុំមានការយល់ច្រឡំ។
    ជាមួយនឹងការអះអាងរបស់អាជ្ញាធរសង្កាត់ជ្រាវនេះគេឃើញក្រុមប្រជាពលរដ្ឋច្រើននាក់មកអះអាងដែរថា ទីតាំងខាងលើនេះពិតជារណ្តៅដីរួមក្នុងភូមិ ពុំមែនជាត្រពាំងបុរាណ ដូចការលើកឡើងតាមប្រពន្ធ័ផ្សព្វ ផ្សាយផ្សេងៗនោះឡើយ។ ម្យ៉ាងវិញទៀតការចាក់ដីបំពេញដើម្បីផ្តល់ជាទីតាំងដល់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការជីកស្តារត្រពាំងហែផ្កា គឺជាការយក ចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់ជ្រាវពិតប្រាកដ ព្រោះទីនេះពុំមែនជាត្រពាំងបុរាណ៕