កាត់សម្អាតដើមពោធិ៍ ជ្រៃ និងរុក្ខជាតិផ្សេងៗដែលបង្កហានិភ័យដល់ប្រាសាទ


ដោយ:កវី/សៀមរាប៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ បានបន្តកាត់សម្អាតរុក្ខជាតិតូចធំ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗដល់ប្រាសាទ។

លោកងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុង ចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ។ រុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់សម្អាតជាប្រចាំ ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះ នៅពេលរុក្ខជាតិដុះកាន់តែធំ។

លោកបន្តថា មូលហេតុដែលនាំឱ្យរុក្ខជាតិទាំង នោះ មកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់ នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីរអាហារជាប្រចាំ៕