រដ្ឋមន្រ្តីការបទេសម៉ាឡេស៊ីគ្រោងធ្វើទស្សនកិច្ចស្វែងយល់ពីការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ


ដោយ:កវី/សៀមរាប៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជា ណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសមជា មួយឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមកកាន់ខេត្តសៀមរាបនាពេលខាងមុខ។

តាមឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏មានបំណងដើម្បីចង់ស្វែងយល់ការងារអភិរក្សប្រាសាទនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។ ឯកឧត្តមបន្ថែមថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរា ទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត មានម៉ាឡេស៊ីផង ចង់ស្វែងយល់ និងរៀនសូត្រ។

តាមការបញ្ជាក់ពីឯកឧត្តម ELDEEN HUSAINI MOHD HASHIM រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី គ្រោងចុះស្វែងយល់ពីការងារមួយចំនួន នៅតាមការដ្ឋានការងារខ្លះ ក្នុងរមណីយដ្ឋានអង្គរ អំឡុងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាប នាពេលឆាប់ៗនេះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគម្រោងដំណើរទស្សនកិច្ចនេះ និងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ទៅភាគីម៉ាឡេស៊ីគ្រប់ពេលវេលា៕