អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបន្តសហការរួមគ្នាលើកតម្លៃបរិវេណប្រាសាទតាកែវ


ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សាកំពុងអនុវត្តគម្រោងដើម្បីលើកតម្លៃបរិវេណប្រាសាទតាកែវ​។ ដោយពិនិត្យឃើញថា ផ្លូវដែលភ្ជាប់ពីប៉ែកខាងត្បូងទៅខាងលិចនៅប្រាសាទតាកែវ បានសាងសង់លើកសិន្ធុនៃប្រាសាទ ដែលធ្វើឱ្យបាត់បង់តម្លៃបុរាណវិទ្យា ប្រវត្តិសាស្រ្ត និងភាពអស្ចារ្យនៃបរិវេណនោះ និងក្នុងគោលបំណងផ្ដល់ឱ្យភ្ញៀវទេសចរ មានឱកាសទស្សនាប្រាសាទផ្សេងៗនៅក្បែរនោះដូចជា ប្រាសាទរមាស់ ប្រាសាទតានៃ និងអ័ក្សផ្លូវបុរាណដ៏សំខាន់មួយ ដែលភ្ជាប់ពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ មកកាន់កំពង់ទឹកបុរាណនៃបារាយណ៍ខាងកើតជាដើម។

អាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំអនុវត្តផ្លូវទស្សនាដែលស្ថិតនៅប៉ែកខាងកើតភ្ជាប់ទៅខាងជើងនៃប្រាសាទតាកែវជំនួសវិញ។ ដោយសារលទ្ធភាពថវិការបស់អាជ្ញាធរជាតិអប្សរាមានត្រឹមតែអ៊ុតបេតុងកៅស៊ូ(AC)ពីលើប៉ុណ្ណោះ ទើបលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានចំណាយធនធានផ្ទាល់ខ្លួនរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការធ្វើគ្រឹះផ្លូវថ្មីនេះ ដែលមានប្រវែងជាង៧០០ម៉ែត្រនិងទទឹង៦ម៉ែត្រ។
បច្ចុប្បន្នការងារខាងលើនេះ សម្រេចបានប្រហែល៨០%ហើយ។

សូមបញ្ជាក់ថា កន្លងមក លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង មានចិត្តសប្បុរសធម៌ ចំណាយធនធានផ្ទាល់ខ្លួនជាច្រើនក្នុងការចូលរួមថែរក្សាអភិរក្សប្រាង្គប្រាសាទ និងសម្បត្តិបេតិកភណ្ឌមួយចំនួនជាមួយនឹងអាជ្ញាធរជាតិអប្សរា នៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ សមិទ្ធិផលទាំងនោះរួមមាន ការជួសជុលរហាត់ទឹក ប្រាសាទស្រះស្រង់ ខ្លោងទ្វារតាកាវ ព្រះពុទ្ធបដិមាលើរួតបាកាណលើកំពូលប្រាសាទអង្គរវត្ត ផ្តល់ថ្មបាយក្រៀមចំនួនមួយម៉ឺនដុំ ចូលរួមរៀបចំបរិវេណមុខភ្នំបាខែង ស្តារពើកនៅកសិន្ធុអង្គរធំ ចូលរួមដាំ និងចែកដើមឈើ។ល៕